ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញាតឲ្យគណៈប្រតិភូរបស់មូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៏លើវិស័យកសិកម្ម IFAD(Internacional Fund For Agricultural Development, IFAD) ដឹកនាំដោយលោកស្រីបណ្ឌិតសាស្ត្រាចារ្យរង Jyotsna Puri អនុប្រធានរបស់ IFAD (Associate Vice President) និងសហការី ចូលជួបសម្តែងការគួសម និងធ្វើសេចក្តីរាយការណ៏អំពីសហហិរញ្ញប្បទានរបស់ IFAD លើវិស័យធនធានទឹក និងឧតុនិយម ។
លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧទុនិយម បានថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ដោយស្វាគមន៍យ៉ាងកក់ក្តៅ និងសប្បាយរីករាយ ចំពោះវត្តមានរបស់លោកស្រីបណ្ឌិតសាស្ត្រាចារ្យរង ដែលបានចំណាយពេលដ៏មានតម្លៃដើម្បីស្វែងយល់នាពេលនេះ ហើយក៏សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងការបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលនេះជាលើកដំបូងសម្រាប់ IFAD ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះវិស័យធនធានទឹក និងឧតុនិយម។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្តព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ហើយនឹងអំពីតម្រូវការឧបករណ៍ សម្ភារៈចាំបាច់មួយចំនួនដូចជា ឧតុនិយម និងជលសាស្ត្រ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាឱ្យបាននូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
លោកស្រីបណ្ឌិតសាស្ត្រាចារ្យរង Jyotsna Puri បានបង្ហាញនូវសេចក្តីរីករាយដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោករដ្ឋមន្ត្រីនាពេលនេះ និង
បានជម្រាបជូនអំពីសហហិរញ្ញប្បទានរបស់ IFAD ជាមួយធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែល មានឈ្មោះថា Climate Adaptive Irrigation and Sustainable Agriculture for Resilience (CAISAR)។ គម្រោងនេះនឹងត្រូវអនុវត្តន៍នៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រមួយចំនួនដូចជា ៖ តំបន់ប្រព័ន្ធធារាសាស្ត្រអូរតាប៉ោងតាណៃ ស្ថិតក្នុងខេត្តពោធិ៍សាត់, តំបន់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល។
លោកក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាងនូវយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក និងឧតុនិយម ជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងប្រកបដោយចីរភាព ធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានល្អប្រសើរលើសន្តិសុខទឹកសម្រាប់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការគាំទ្រសហការយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តតាមផែនការការ ងារវិនិយោគរយៈពេលវែងក្នុងវិស័យធនធានទឹក និងឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយវិភាជទុនដ៏ធំសម្បើម ដែលមិនធ្លាប់មានពីមុនមកសម្រាប់បម្រើឲ្យការ ងារប្រតិបត្តិការលើបណ្តាប្រព័ន្ធធារាសាស្ត្រខាងលើ ឈានទៅធានាបានទាំងស្រុងនូវសន្តិសុខទឹកលើគ្រប់វិស័យ។ គណៈប្រតិភូរបស់លោកស្រីនឹងបន្តចុះទៅធ្វើទស្សនកិច្ចលើប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃ ចាប់ពីស្រុកថ្ពង អមលាំង ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រព័ន្ធធារាសាស្ត្រប្រាំបីមុំ រហូតដល់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល៕/R