ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តុលាការកំពូលរបស់អ៊ីតាលីបានសម្រេចថា កុមារមិនមានកាតព្វកិច្ចទៅសួរសុខទុក្ខជីដូនជីតារបស់ពួកគេទេ ហើយមិនអាចបង្ខំឱ្យធ្វើដូច្នេះបានឡើយ។
សេចក្តីសម្រេច ដែលធ្វើឡើងនៅក្នុងតុលាការកំពូលអ៊ីតាលី បានកើតឡើងក្នុងការឆ្លើយតបទៅនឹងបណ្តឹងឧទ្ធរណ៍ ដែលនាំយកដោយឪពុកម្តាយរបស់កុមារពីរនាក់ប្រឆាំងនឹងសេចក្តីសម្រេចពីមុន ដែលធ្វើឡើងដោយតុលាការអនីតិជនក្នុងទីក្រុងមីឡង់ (Milan) ។
តុលាការអនីតិជននោះបានកំណត់ថា ក្មេងៗត្រូវចំណាយពេលជាមួយជីដូនជីតារបស់ពួកគេ បន្ទាប់ពីប្តីប្រពន្ធវ័យចំណាស់បានត្អូញត្អែរថា ឪពុកម្តាយរបស់កុមារនោះ “បានបង្កើតឧបសគ្គ”រារាំងពួកគេមិនឱ្យរក្សាទំនាក់ទំនង ចំពេលមានជម្លោះក្នុងគ្រួសារ។
តុលាការអនីតិជនក្នុងឆ្នាំ ២០១៩ បានបញ្ជាឱ្យមានការប្រជុំត្រួតពិនិត្យបុគ្គលិកសង្គមកិច្ចរវាងកុមារនិងជីដូនជីតា បើទោះបីជាមានការជំទាស់ពីឪពុកម្តាយក៏ដោយហើយការប៉ុនប៉ងក្នុងនាមឪពុកម្តាយដើម្បីប្តឹងតវ៉ាចំពោះការសម្រេចចិត្តនេះបានបរាជ័យ។
ប៉ុន្តែតុលាការកំពូលនៅសប្តាហ៍នេះបានបដិសេធការសម្រេចនេះ ដោយទទួលស្គាល់ថា ខណៈគ្មានការសង្ស័យថាកុមារទាំងពីរនឹង “ទទួលបានអត្ថប្រយោជន៍ពីចំណងជាមួយខ្សែស្រឡាយតជំនាន់” កុមារខ្លួនឯងបានសម្តែងការមិនសប្បាយចិត្តរបស់ពួកគេ ដែលត្រូវបានបង្ខំឱ្យទៅលេងជីដូនជីតារបស់ពួកគេ ដោយហេតុថាទំនាក់ទំនងរបស់ពួកគេបានបាក់បែកទៅហើយ។
សេចក្តីសម្រេចនេះបានរកឃើញថា សិទ្ធិរបស់កុមារគួរតែមានទម្ងន់ធ្ងន់ជាងសិទ្ធិរបស់ជីដូនជីតានៅក្នុងសេណារីយ៉ូដែលពាក់ព័ន្ធនឹង “ទំនាក់ទំនងដែលមិនស្វាគមន៍ និងដែលមិនចង់បាន”។
តុលាការកំពូលនិយាយថា កុមារ ដែលមានអាយុលើសពី ១២ ឆ្នាំ អាចបង្ហាញថាតើពួកគេចង់រក្សាទំនាក់ទំនងជាមួយជីដូនជីតារបស់ពួកគេឬអត់ ហើយមិនអាចបង្ខំឱ្យធ្វើដូច្នេះបានទេ៕
តុលាការកំពូលអ៊ីតាលីផ្តល់សិទ្ធិឱ្យកុមារមិនចាំបាច់ទៅសួរសុខទុក្ខជីដូនជីតា