ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នៅខ្វែងគំនិតគ្នាខ្លះ នៅមុនពេលបោះឆ្នោតជ្រើសរើសសមាជិក អាណត្តិទី៣ នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។

នេះបើតាមកិច្ចប្រជុំសម្របសម្រួលមួយ នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរពាណិជ្ជកម្មខេត្ត ដែលដឹកនាំដោយលោកគឹង វណ្ណ: អភិបាលរងខេត្ត និងចូលរួមដោយលោក ប៊ុន ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត អនុប្រធាន និងសមាជិកជ្រើសតាំង ។

ប្រធានអង្គជុំ លោក គឹង វណ្ណ: ក៏ដូចជាលោក ប៊ុក ឡាយជី , លោក ឈឿង ឈីវអៀន បានលើកឡើងថាៈ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តនេះ ក្នុងអាណត្តិទី៣ លើកទី១ មាន ១៥ រូប។ ប៉ុន្តែមានសមាជិក ដាក់ពាក្យលាឈប់ ២ រូប។ ដូច្នេះការបោះឆ្នោតបានកំណត់យកសមាជិកថ្មី ចំនួន ១៣ នាក់ សម្រាប់អាណត្តិទី៣ លើកទី១ ។ ប៉ុន្តែដោយ មានសមាជិកអសកម្ម ១នាក់ទៀត សភានេះត្រូវបានស្នើបញ្ឈប់ពីសមាជិកភាព ដោយសារអសកម្ម ហើយអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងនឹងលក្ខន្តិក: ។ ហេតុនេះ នៅអាណត្តិទី៣ លើកទី១ ត្រូវបន្ថែមបេក្ខជន-នារីជ្រើសតាំង ១រូបជំនួសអ្នកសកម្ម ដោយបេក្ខជន-នារីនោះ ត្រូវជ្រើសរើសរកអ្នកណា ដែលគោរពបទបញ្ជាផ្ទៃក្នុង លក្ខន្តិក: មានឆន្ទៈ និងសកម្មការងារ ។

ប៉ុន្តែលោក ហ៊ុយ ឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្ត លោក ឆេង បញ្ញារឹទ្ធិ សមាជិកជ្រើសតាំង (ឈ្មោះដែលត្រូវសម្គាល់ថាអសកម្ម ហើយស្នើបញ្ឈប់ពីសមាជិកភាពនោះ) បានលើកឡើងថាៈ ជាគោលការណ៍សមាជិកភាព (លោក ឆេង បញ្ញារឹទ្ធិ) មិនទាន់ផុតនៅឡើយ ល្គឹកណា មិនទាន់មានការបោះឆ្នោតជ្រើសរើសសមាជិក អាណត្តិថ្មី និងមិនទាន់លុបចេញពីអនុក្រឹត្យ ដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលឬក៏សាម៉ីខ្លួនមិនលាឈប់ ។

ដោយមានការខ្វែងគំនិតគ្នា ដូច្នេះអង្គប្រជុំក៏បានបិទ ហើយនឹងធ្វើរបាយការណ៍ ជូនសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងសម្រេច ក៏គោរពជម្រាបជូន អភិបាលខេត្ត ដើម្បីជូនជ្រាបផងដែរ។ មានឧបទ្ទវហេតុអីចឹង បើមិនមានការសម្រប សម្រួល ឬឡប៊ីមុនទេ បច្ច័យនេះ វាអាចប៉ះ ពាល់ដល់កាលបរិច្ឆេទ នៃបោះឆ្នោតជ្រើសរើសសមាជិក អាណត្តិទី៣ នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ ២០២៣ ដ៏ខ្លីខាងមុខនេះ ។

សូមបញ្ជាក់ថាៈ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើកទី២ (កាលជំនាន់លោក លី អ៊ុតនី ជាប្រធាន) និងអាណត្តិបន្ទាប់ មានលោក ឈឿង ឈីវអៀន ជាប្រធាន មាន ១៥ រូប។ ក្នុងនោះ ក៏មានឈ្មោះប្រធាន និងសមាជិក ដូចឈ្មោះខាងលើដែរ ។ ប៉ុន្តែ ក៏មានសមាជិកមួយចំនួន ពិសេសសមាជិកចាស់ ហើយមានវ័យចំណាស់បានលាឈប់ ហើយនៅសល់តែប្រធាន អនុប្រធាន និងសមាជិក ដែលមានអាយុចន្លោះ ៣០ ទៅ ៥០ ឆ្នាំប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីសប្តាហ៍មុន មានកិច្ចប្រជុំណែនាំ ស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀង បេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ លើកទី១ ។

មានអាជីវករ ពាណិជ្ជករ បានអញ្ជើញចុះ ឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មានចំនួន ៣៥៦ នាក់។ ក្នុងនោះ មានបេក្ខជនឈរឈ្មោះ ជាសមាជិកសភាពាណិជ្ជកម្ម មានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មី ចំនួន ១៣ នាក់ ៕/V