ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្តេជ្ញា​ឆ្លើយតប​ដាច់ខាត​ចំពោះ​ប្រទេស​ណា​ដែល​គំរាម​រុស្ស៊ី​និង​បាន​រិះគន់​អាល្លឺម៉ង់​ចំពោះ​ការសន្យា​ផ្តល់​រថក្រោះ​ដល់​រដ្ឋាភិបាល​​ទីក្រុង​គៀវ​។​

​ការ​គំរាម​របស់​លោក​កើតឡើង​ក្រោយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​ហ្សេ​ឡេន​ស្គី​បានព្រមានថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កំពុង​ប្រមូលផ្តុំ​កម្លាំង​សំរាប់​បើក​ការវាយប្រហារ​ថ្មី​មួយ​។​លោក​បាន​និយាយថា​«​រុស្ស៊ី​​កំពុង​ត្រៀម​សងសឹក មិន​ត្រឹមតែ​អ៊ុយ​ក្រែន​តែ​លើ​អឺរ៉ុប​សេរី​និង​ពិភព​សេរី​»ទៀតផង។

​លោក​ហ្សេ​ឡេន​ស្គី​បាន​ថ្លែង​ដូច្នេះ​នៅ​ទីក្រុង​គៀវ​ជាមួយ​ប្រធាន​សហភាព​អឺរ៉ុប​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន​( Ursula von der Leyen)​ដែល​បាន​និយាយ​ថា​ប្លុក​របស់​លោកស្រី​កំពុង​សម្លឹង​រក​​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​នៅ​មិន​អោយ​ហួស​ថ្ងៃ​២៤​កុម្ភៈ ដែល​ជា​ខួប​មួយ​ឆ្នាំ​ដែល​លោកពូ​ទីន​បញ្ជា​ទ័ព​ចូល​អ៊ុ​យក្រែន​។​

​នៅ​ទីក្រុង វ៉ុល​ហ្គោ​ហ្ក្រា​ដ​(Volgograd)​នៅ​រុស្ស៊ីភាគខាងត្បូង លោកពូ​ទីន​បាន​និយាយថា​«វា​មិន​គួរ​អោយ​ជឿ តែ​ជា​ការពិត​។​ជា​ថ្មី​ទៀត​យើង​ត្រូវ​បាន​គំរាម​ដោយ​រថក្រោះ​Leopard​។ យើង​នឹង​មាន​​អ្វី​មួយ​ត្រូវ​ឆ្លើយតប​។​សង្គ្រាម​សម័យ​ទំនើប​ណាមួយ​ជាមួយ​រុស្ស៊ី​នឹង​ខុសប្លែក​ពីមុន​ទាំងស្រុង​»​។​

​ពូ​ទីន​៖ រាប់​ទសវត្សរ៍​ក្រោយ​សង្គ្រាមលោកលើកទីពីរ រុស្ស៊ី​ជាថ្មីទៀត​ត្រូវ​បាន​គំរាម​ដោយ​រថក្រោះ Leopards​របស់​អាល្លឺម៉ង់​

​លោក​បាន​និយាយ​ដូច្នេះ​នៅក្នុង​ពិធី​មួយ​ដើម្បី​រំឭក​ដល់​ជ័យជម្នះ​របស់​កងទ័ព​ក្រហម​លើ​ទាហាន​ណា​ស៊ី​កាលពី​៨០​ឆ្នាំ​មុន​នៅ ក្រុង​ស្តា​លី​ហ្ក្រា​ដ​(Stalingrad)​។​

​សូម​រំលឹក​ថា អ៊ុយ​ក្រែន​នៅ​ខែ​មុន​ទទួលបាន​ការសន្យា​ប្រគល់​រថក្រោះ​ទំនើប​រាប់រយ​គ្រឿង​ពី​លោក​ខាងលិច រួម​ទាំង​រថក្រោះ​អាល្លឺម៉ង់​ផង​ដើម្បី​អោយ​កងកម្លាំងអ៊ុយក្រែន​ប្រយុទ្ធ​ទប់ទល់​និង​វាយបក​លើ​កងកម្លាំង​​រុស្ស៊ី​។​

​រុស្ស៊ី​បាន​និយាយថា ខ្លួន​កំពុង​ថ្លឹងថ្លែង​ទណ្ឌកម្ម​ដាក់​ដោយ​សម្ពន្ធ​មិត្ត​លោកខាងលិច ហើយ​នឹង​បន្ត​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន​។​តែ​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន​បាន​និយាយថា ទណ្ឌកម្ម​​បាន​បំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី​រួចស្រេច​ទៅ​ហើយ ដោយ​«​រុញ​វា​ថយក្រោយ​មួយ​ជំនាន់​ឯណោះ​»​។​

​លោកស្រី​បាន​ប៉ាន់ស្មាន​ថា ការកំណត់ថ្លៃ​ប្រេង​រុស្ស៊ីកន្លងមក​ក៏​បណ្តាលអោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ខាតបង់​ប្រាក់​ប្រមាណ​១៦០​លាន​អឺរ៉ូ​ក្នុង​មួយថ្ងៃៗ​។​«​យើង​នឹង​ណែនាំ​ដៃគូ​ក្នុង​ក្រុម​G7​របស់​យើង​អោយ​កំណត់​ថ្លៃ​​ប្រេង​រុស្ស៊ី​អោយ​កាន់តែ​ទាប​ឡើង​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​២៤​កុម្ភៈ ដែល​ជា​ខួប​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​ហ្សេ​ឡេន​ស្គី និង​ប្រធាន​សហភាព​អឺរ៉ុប​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​២​កុម្ភៈ​

​នៅ​ទីក្រុង​មូ​ស្គូ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា សហភាព​អឺរ៉ុប​ជាពិសេស​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន​បាន​អំពាវនាវ​អោយ​ផ្ចាញ់​រុស្ស៊ី​ដើម្បីអោយ​សេដ្ឋកិច្ច​ប្រទេស​នេះ​ហិន​​ហោច​។​«​តើ​នេះ​មិន​ជា​ជាតិ​សាសន៍​និយម ណា​ស៊ី​និយម​ទេ​ឬ​?»​។​

​សម្តី​របស់​លោក​ឡាវ​រ៉ូវ បាន​ឆ្លុះ​បន្ថែម​អំពីសម្តី​របស់​លោក​ពូ​ទីន ដែល​តែ​ប្រៀបធៀប​«​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​»​នៅ​អ៊ុយ​ក្រែន​ទៅនឹង​«​សង្គ្រាម​របស់​សូ​វៀត​ប្រឆាំង​អាល្លឺម៉ង់​ណា​ស៊ី​។​កាលពី​ឆ្នាំមុន​​លោកពូ​ទីន​បាន​និយាយថា រុស្ស៊ី​ត្រូវការ​«​កំចាត់​ចោល​ពួក​ណា​ស៊ី​»​នៅ​អ៊ុ​យក្រែន​៕