​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​ថា ខ្លួន​កំពុង​តាមដាន​បា​ឡុង​ពណ៌​ស ដែល​មន្ត្រី​អាម៉េរិក​ចោទ​ថា​ជា​ឧបករណ៍​ចាករ​ម្ម​ចិន​ខណៈ​វា​ហោះ​​ខ្ពស់​លើ​សហរដ្ឋ​អាម៉េរិក​ដែល​ហាក់​កំពុង​ឃ្លាំ​មើល​ទីតាំង​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​ភាព​រសើប​ខ្លាំង​នានា​។​

​តាម​សំណើ​របស់​ប្រធានាធិបតី ចូ បៃ​ដិន រដ្ឋមន្ត្រី​ការពារជាតិ ឡយ អូ​ស្ទីន និង​ក្រុមមន្ត្រី​យោធា​កំពូល​បាន​ពិចារណា​បាញ់​ទម្លាក់​បា​ឡុង​នោះ ប៉ុន្តែ​បាន​សម្រេចចិត្តថា​ការ​ធ្វើ​បែប​នេះ​នឹង​បង្ក​គ្រោះ​​ថ្នាក់​ដល់​មនុស្ស​ច្រើនពេក​នៅលើ​ដី នេះ​បើ​តាម​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​ម្នាក់​ប្រាប់​ទៅ​អ្នកយកព័ត៌មាន​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា បា​ឡុង​នេះ​បាន​ហោះ​ពីលើ​ភាគ​ពាយព្យ​សហរដ្ឋ​អាម៉េរិក កន្លែង​ដែល​មាន​មូលដ្ឋាន​ទ័ពអាកាស​ដ៏​រសើប និង​កាំជ្រួច​យុទ្ធសាស្ត្រ​នៅ​ឃ្លាំង​ក្រោម​ដី​។​

​មន្ត្រី ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយថា “​ច្បាស់​ណាស់ ចេតនា​នៃ​បា​ឡុង​នេះ​គឺ​សម្រាប់​ឈ្លបយកការណ៍​ហើយ​ផ្លូវ​ហោះហើរ​បច្ចុប្បន្ន​ពិតជា​បាន​អនុវត្ត​នៅលើ​ទីតាំង​​រសើប​មួយ​ចំនួន​”​។​

​ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​មិន​ជឿថា​វា​បង្កើត​ជា​ការគំរាមកំហែង​ខាង​ចារកម្ម​ដ៏​គ្រោះថ្នាក់​នោះទេ​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា “​យើង​វាយតម្លៃ​ថា បា​ឡុង​នេះ​មាន​តម្លៃ​តិចតួច​បើ​ផ្អែក​លើ​ការយល់ឃើញ​ពី​ក្រុម​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​”​។​

​មន្ត្រី​ដដែល​និយាយថា បា​ឡុង​នេះ​បាន​ចូលមកក្នុង​ដែនអាកាស​អាម៉េរិក “​ពីរ​បី​ថ្ងៃមុន​” ដោយ​បន្ថែម​ថា ចារ​កម្ម​អាម៉េរិក​បាន​តាមដាន​វា​មុន​ពេល​វា​ចូលមក​ដល់​ទៅទៀត​។​

​បន្ទាប់ពី​លោកបៃ​ដិនបាន​សួរអំពី​ជម្រើ​ស​សម្រាប់​ដោះស្រាយ​ជាមួយ​វា កាលពី​ថ្ងៃ​ពុធ លោក​អូ​ស្ទីន ដែល​កំពុង​ស្ថិត​នៅ​ហ្វីលីពីន បាន​ធ្វើ​ការពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​មន្ទីរបញ្ច​កោណ​។​

​យន្តហោះ​ចម្បាំង​ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យ​មើល​បា​ឡុង ខណៈ​វា​កំពុង​ហោះ​នៅលើ​រដ្ឋ​ម៉ុង​តា​ណា (Montana)​ចំ​ពេល​ការពិភាក្សាគ្នា​ត្រូវបាន​ធ្វើឡើង​៕

​បា​ឡុង​ពណ៌​ស ដែល​មន្ត្រី​អាម៉េរិក​ចោទ​ថា​ជា​ឧបករណ៍​ចាករ​ម្ម​ចិន​កំពុង​ហោះ​នៅលើ​រដ្ឋ​ម៉ុង​តា​ណា