ដោយ: សុវណកុម្ភៈ/ភ្នំពេញ: ឆ្នាំ២០២៣ បានក្លាយជាឆ្នាំមាសដែលអត្តពលិកកម្ពុដាក់ក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២លើទឹកដីខ្លួន។ដោយឡែកកីឡាការិនីគុនដាវ សន និច ក៏បានដាក់នូវក្ដីរំពឹងខ្ពស់ថានឹងខិតខំប្រជែងយកមេដាយមាសពីព្រឹត្តិការណ៍នេះដែរ។ កីឡាការិនីរូបនេះហ្វឹកហាត់តាំងពីវ័យ១៤ឆ្នាំ ដែលមកទល់ពេលនេះមានរយ:ពេល៧ឆ្នាំហើយ។ដោយមានបងប្រុសជាគ្រូបង្វឹកនោះនាងក៏ហាត់គុនដាវ (Fancing) តាមការណែនាំរបស់គាត់។ នាងចាប់ផ្ដើមស្រឡាញ់ប្រភេទកីឡានេះហើយដាក់ការតាំងចិត្តខ្ពស់ដើម្បីកសាងភាពអស្ចារ្យសម្រាប់ខ្លួននាងតាមរយៈកីឡាគុនដាវនេះ ដែលចាប់តាំងពីលេងកីឡាគុនដាវនេះមកនាងរកមេដាយមាសបាន១០គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរិទ្ធ៨ឝ្រឿងហើយ។
សន និច និយាយថាក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ស៊ីហ្គេម២០២៣នេះសឹង្ហបុរីគឺជាឧបសគ្គដ៏ចម្បងសម្រាប់នាង។ ប្រទេសនេះសម្បូរដោយកីឡាករ កីឡាការិនីមានបច្ចេកទេសខ្ពស់ទាំងចង្វាក់វាយយកពិន្ទុ និងការពារមិនឲ្យគូប្រកួតវាយយកពិន្ទុបាន។ ចំពោះប្រទេសដទៃទៀតមិនជាបញ្ហាឡើយ។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីរូបនេះចូលរួមបានពីរលើកតែមិនដែលបានមេដាយនោះទេ។ នៅហ្វីលីពីននាងធ្លាក់នៅវគ្គ១៦នាក់ចុងក្រោយ និងស៊ីហ្គេមលើកទី៣១នៅវៀតណាមធ្លាក់នៅវគ្គ៨នាក់ចុងក្រោយ។ សម្រាប់ស៊ីហ្គេមលើកទី៣២នៅកម្ពុជា នាងអះអាងថានាងត្រៀមខ្លួនបានល្អដោយបង្កើនការហ្វឹកហាត់មើលពីចំណុចខ្សោយរបស់ខ្លួនដើម្បីបំពេញបន្ថែមរួមទាំងការស្វែងរកនូវចំនុចខ្សោយរបស់គូប្រកួត៕/R