ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមព្រឹទ្ធសមាជិកមកពីបក្សទាំងពីរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២កុម្ភៈថា សភាអាម៉េរិកមិនអាចគាំទ្រការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ ២០ ពាន់លានដុល្លារឱ្យទៅតួកគីបានទេ ដរាបណារដ្ឋាភិបាលក្រុងអង់ការ៉ាមិនទាន់យល់ព្រមលើសមាជិកភាពណាតូដល់ស៊ុយអែតនិងហ្វាំងឡង់។
ស៊ុយអែតនិងហ្វាំងឡង់បានដាក់ពាក្យកាលពីឆ្នាំមុនដើម្បីចូលរួមក្នុងអង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់មិននឹកស្មានដល់ពីតួកគីហើយចាប់តាំងពីពេលនោះមកបានព្យាយាមសុំការគាំទ្រពីតួកគី។
រដ្ឋាភិបាលក្រុងអង់ការ៉ាចង់ឱ្យរដ្ឋាភិបាលក្រុងហែលស៊ីនគីនិងស្តុកខុលចាត់ការតឹងរ៉ឹងប្រឆាំងនឹងគណបក្សពលករឃឺដ (PKK)ដែលត្រូវបានចាត់ទុកជាក្រុមភេរវករដោយតួកគីនិងសហភាពអឺរ៉ុប និងក្រុមមួយទៀត ដែលខ្លួនបានស្តីបន្ទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦។
ប្រទេសទាំងបីបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីផ្លូវឆ្ពោះទៅមុខក្នុងទីក្រុងម៉ាឌ្រីដកាលពីខែមិថុនាឆ្នាំមុនប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ាបានផ្អាកការពិភាក្សាកាលពីខែមុនបន្ទាប់ពីការតវ៉ានៅទីក្រុងស្តុកខុល កន្លែងដែលអ្នកនយោបាយស្តាំនិយមដាណឺម៉ាកម្នាក់បានដុតសៀវភៅគម្ពីរកូអានដ៏បរិសុទ្ធរបស់អ្នកកាន់សាសនាអ៊ីស្លាម។
នៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតី ចូ បៃដិន ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋចំនួន ២៩ នាក់បាននិយាយថា ប្រទេសនៅតំបន់ន័រឌីក (Nordic)ទាំងពីរកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងនិងស្មោះត្រង់ ដើម្បីបំពេញលក្ខខណ្ឌសម្រាប់សមាជិកភាពណាតូ។
ព្រឹទ្ធសមាជិកទាំងនោះបានសរសេរថា “ល្គឹកណាពិធីសារចូលជាសមាជិកណាតូត្រូវបានផ្តល់សច្ចាប័នដោយតួកគី ទើបសភាអាចពិចារណាការលក់យន្តហោះចម្បាំង F-16។ ទោះយ៉ាងណាបរាជ័យក្នុងការធ្វើដូច្នេះនឹងបង្កជាឧបសគ្គអំពីការលក់ដែលកំពុងពន្យារពេលនេះ”។
វាជាលើកទីមួយហើយ ដែលសភាអាម៉េរិកផ្សារភ្ជាប់ដោយផ្ទាល់នូវការលក់យន្តហោះ F-16 ទៅតួកគី ជាមួយនឹងការសុំចូលជាសមាជិកណាតូពីប្រទេសន័រឌីកទាំងពីរ។
រដ្ឋបាលលោកបៃដិនបាននិយាយម្តងហើយម្តងទៀតថា ខ្លួនគាំទ្រការលក់នេះនិងបដិសេធមិនផ្សារភ្ជាប់បញ្ហាទាំងពីរនេះទេ ប៉ុន្តែខ្លួនបានទទួលស្គាល់ថាការផ្តល់សច្ចាប័នលើការចូលជាសមាជិកណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់នឹងជួយសម្រួលដល់ដំណើរការលក់ F-16នៅក្នុងសភា។
តួកគីបាននិយាយថា ខ្លួនអាចយល់ព្រមលើពាក្យសុំចូលជាសមាជិកណាតូរបស់ហ្វាំងឡង់មុនស៊ុយអែត ប៉ុន្តែប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានច្រានចោលគំនិតនេះដោយលើកហេតុផលថា សន្តិសុខនៃប្រទេសន័រឌីកទាំងពីរគឺពឹងផ្អែកគ្នាទៅវិញទៅមក។
ក្នុងចំណោមសមាជិកទាំង ៣០ របស់អង្គការណាតូ មានតែតួកគីនិងហុងគ្រីប៉ុណ្ណោះដែលមិនទាន់ផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសន័រឌីក។
តួកគីបានស្នើសុំក្នុងខែតុលា ឆ្នាំ ២០២១ ដើម្បីទិញយន្តហោះចម្បាំងF-16ចំនួន៤០ គ្រឿង និងឧបករណ៍ទំនើបកម្មជិត ៨០ ឈុតសម្រាប់យន្តហោះចម្បាំងដែលមានស្រាប់របស់ខ្លួន។
ខណៈសភាអាចរារាំងការលក់អាវុធឱ្យបរទេស សភាកាលពីមុនមិនអាចប្រមូលផ្តុំសំឡេងពីរភាគបីនៅក្នុងសភាទាំងពីរ ដែលតម្រូវដើម្បីយកឈ្នះលើសិទ្ធិវេតូរបស់ប្រធានាធិបតីបាននោះទេ៕
តួកគីបានស្នើសុំក្នុងខែតុលា ឆ្នាំ ២០២១ ដើម្បីទិញយន្តហោះចម្បាំងចំនួន៤០គ្រឿង
ជុំវិញសមាជិកភាពរបស់ប្រទេសនៅតំបន់ន័រឌីកទាំងពីរ ហ្វាំងឡង់នៅតែប្តេជ្ញាចិត្តចូលជាសមាជិកណាតូរួមជាមួយស៊ុយអែត នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី សាន់ណា ម៉ារីន(Sanna Marin)ពេលលោកស្រីជួបប្រជុំជាមួយសមភាគីស៊ុតអែល កាលពីថ្ងៃព្រហស្បតិ៍