ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរសឥណ្ឌាអាយុ ៣៦ ឆ្នាំ ដែលគេប្រកាសថាស្លាប់ ហើយបន្ទាប់មកត្រូវបានបូជាបែរជាបង្ហាញមុខទាំងនៅរស់ច្រងោៗនៅប្រាំបីខែក្រោយមកនៅក្នុងករណីច្រឡំអត្តសញ្ញាណ។
ប៉ូលីសមកពីទីប្រជុំជនម៉ាហ្គាវ (Margao)ក្នុងរដ្ឋហ្គាវ (Goa)ប្រទេសឥណ្ឌា បានប្រទះឃើញលោក ឌីប៉ាក បាឡាគ្រីស្នាន់ កាន់ឌី (Deepak Balakrishnan Kandi)នៅក្នុងសណ្ឋាគារមួយក្នុងតំបន់ផ្លូវស្ថានីយរថភ្លើងចាស់កាលពីយប់ថ្ងៃអង្គារ៣១មករា។បន្ទាប់មកបុរសនេះត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់ប៉ូលីសរដ្ឋកេរ៉ាឡា (Kerala)ដែលកំពុងស្វែងរកជនបាត់ខ្លួន បន្ទាប់ពីពួកគេដឹងថា សាកសពដែលបានបូជា មិនមែនជាលោក ឌីប៉ាក បាឡាគ្រីស្នាន់ កាន់ឌី នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Times of India។
ប្រភពប៉ូលិសបាននិយាយថា លោកឌីប៉ាកបានបាត់ខ្លួនកាលពីថ្ងៃទី ៧ ខែមិថុនាឆ្នាំមុនពីទីប្រជុំជនម៉េបផាយួរ (Meppayur) ដែលស្ថិតនៅក្នុងរដ្ឋកេរ៉ាឡា និងស្ថិតនៅប្រហែល ៥៤០គីឡូម៉ែត្រពីភាគខាងត្បូងទីប្រជុំជនម៉ាហ្គាវ។
របាយការណ៍អំពីជនបាត់ខ្លួនត្រូវបានដាក់នៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាននេះ។
ទោះយ៉ាងណា នៅថ្ងៃទី ១៧ ខែកក្កដា សាកសពបុរសម្នាក់ ដែលគេប្រទះឃើញលើឆ្នេរមួយក្នុងរដ្ឋកេរ៉ាឡា ត្រូវបានកំណត់អត្តសញ្ញាណខុសថាជាលោកឌីប៉ាក។
ក្រុមគ្រួសាររបស់លោកឌីប៉ាកបានធ្វើបុណ្យសព ប៉ុន្តែនៅប៉ុន្មានថ្ងៃក្រោយមក ប៉ូលីសកេរ៉ាឡាបានដឹងថា សាកសពដែលបូជានោះ តាមពិតជារបស់លោកអៀសាដ (Irshad)មានដើមកំណើតនៅភូមិមួយ ក្នុងរដ្ឋកេរ៉ាឡា ។
ការធ្វើតេស្តិ៍ DNA ដែលធ្វើឡើងលើសំណាកសាកសពរបស់លោកឌីប៉ាក បានបញ្ជាក់ពីករណីប៉ូលិសបញ្ជាក់អត្តសញ្ញាណខុស។
ការតាមប្រមាញ់បានចាប់ផ្តើម ហើយការស៊ើបអង្កេតត្រូវបានចាត់ការដោយផ្នែកព្រហ្មទណ្ឌ។
កាលពីថ្ងៃអង្គារ ប៉ូលិសទីប្រជុំជនម៉ាហ្គាវបានអនុវត្តការឆែកមើលតាមសណ្ឋាគារជាប្រចាំ។
ក្នុងអំឡុងពេលត្រួតពិនិត្យដោយចៃដន្យលើបញ្ជីឈ្មោះភ្ញៀវនៃសណ្ឋាគារនៅតាមបណ្តោយផ្លូវស្ថានីយរថភ្លើងចាស់ ពួកគេបានប្រទះឃើញលេខទូរស័ព្ទ ដែលផ្តល់នូវអត្តសញ្ញាណរបស់លោកឌីប៉ាក។
លោកត្រូវបានចាប់ខ្លួន ហើយបន្ទាប់មកប៉ូលីសរដ្ឋកេរ៉ាឡាបានមកយកគាត់ទៅឃុំខ្លួន។
លោកឌីប៉ាកបានប្រាប់ប៉ូលិសថា គាត់បានធ្វើដំណើរទៅកន្លែងផ្សេងៗរួមមានចៃពួ ដេល្លី និង ពុនចាប មុនពេលមកដល់រដ្ឋហ្គាវនាពេលថ្មីៗនេះ។
គាត់ក៏និយាយដែរថា គាត់បានធ្វើការងារធម្មតាខ្លះនៅភូមិបុកម៉ាឡូ (Bogmalo)ដែលជាភូមិមួយក្នុងរដ្ឋហ្គាវផងដែរ និងបានផ្លាស់ទៅសណ្ឋាគារនៅម៉ាហ្គាវកន្លែងដែលគាត់នៅទីបំផុតបានធ្លាក់ក្នុងរ៉ាដារបស់ប៉ូលីស ដែលនាំឱ្យករណីបាត់ខ្លួនរយៈពេលប្រាំបីខែរបស់គាត់ត្រូវបិទបញ្ចប់៕
លោកឌីប៉ាកត្រូវបានរកឃើញ ក្រោយបាត់ខ្លួន៨ខែ