ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង ១.២០០ គ្រួសារ រស់នៅក្នុងអគារ បុរីកីឡាទាំង ៨ អគារ បានបង្ហាញពីក្តីរំភើប រីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជូនពួកគាត់ ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ថែមទៀតនោះ។
ការបង្ហាញពីក្តីរំភើបរីករាយចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ជាង ១.២០០ គ្រួសារនេះ បានបង្ហាញឱ្យឃើញ នៅពេលដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ចំនួន ១.៣៩២ យូនីត ស្មើនឹងជាង ១.២០០ គ្រួសារ ជូនពួកគាត់ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូន ទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចជាសម្រាលបន្ទុក ក្នុងការបង់ពន្ធអាករ និង សេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធី កសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡា ទាំង ៨ អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១.២០០ គ្រួសារ ជាមួយនឹងការលើកលែង នូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡា ទាំង ៨ អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តថាៈ នេះពិតជាស្ដែងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ទាំង ៨ អគារ ។
តាមរយៈការជួយសម្រួល ដល់ការធ្វើប័ណ្ណកម្មសិទ្ធិ ខាងលើ ដោយពុំចំណាយថវិកា លើការបង់ពន្ធអាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិ បន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ៕ V / N