ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសង្កេតទៅលើការប្រកាស នាពេលថ្មីៗនេះ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖
១. ពានរង្វាន់ជារឿយៗ គឺសម្រាប់ទទួលស្គាល់ បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយ សម្រាប់សង្គម ជាដើម។ ការប្រកាសរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នា ពិតប្រាកដនៃ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនទេ ព្រោះទង្វើបែបនេះ គឺជាសារជំរុញផ្តល់កម្លាំង ដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួន រួចជាស្រេច កេងយកប្រយោជន៍ ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈ លាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

២.ចំណាត់ការផ្លូវច្បាប់ ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែង លើបម្រាមមិនឱ្យចាកចេញពីដែនដី នៃព្រះរាជា ណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជន ត្រូវចោទ បានគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យ តាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ អាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។

៣.ពានរង្វាន់នេះ មិនមែនជាមធ្យោបាយស្របច្បាប់ សម្រាប់ការពារខ្លួន នៅក្នុងតុលាការ របស់ ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់ គឺការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និង នីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ៕ V / N