ដោយៈ សុក្ខារិន / ពោធិសាត់ៈ ក្មេងស្រីសិស្សវិទ្យាល័យ​ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅ​ភូមិប្រម៉ោយ​ ឃុំប្រម៉ោយ​ស្រុកវាលវែង ចំនួន ១៣ នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ នៅវេលាម៉ោង ៨និង៣៥​ នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលថ្ងៃដដែលនេះ ស្ថានភាពសុខភាពរបស់ក្មេងស្រីទាំងនោះ មានភាពប្រសើរឡើងវិញ អស់ហើយ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹង នៅរសៀល ថ្ងៃទី ៣ កុម្ភៈ នេះថាៈ ក្មេងស្រីសិស្សសាលា ចំនួន​ ១៣​នាក់​ ដែលបានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុនោះ មាន​ដូចជា ១.ឈ្មោះ​ សាន​ សុផៃ​ ថ្នាក់ទី៩C , ២.ឈ្មោះ​ សៀវ​ ឡុងនី ថ្នាក់ទី​៩B , ៣.ឈ្មោះ​នឹម ស្រីនាង ថ្នាក់ទី​១១C, ៤.ឈ្មោះ​ គួន សុភា​ ថ្នាក់ទី​១២A, ៥.ឈ្មោះ ឆោម ស្រីនាង ថ្នាក់ទី​១២A, ៦.ឈ្មោះ​ ហោ សុមន្តី ថ្នាក់ទី​១២A, ៧.ឈ្មោះ ឆន ស្រីពៅ ថ្នាក់ទី​១២A, ៨.ឈ្មោះ ថែម ថារី ថ្នាក់ទី​១១C, ៩.ឈ្មោះ ចាន លេងហេង​ថ្នាក់ទី១១A, ១០.ឈ្មោះ ពៅ សុីនួន ថ្នាក់ទី១១A , ១១.ឈ្មោះ ភី ស្សា ថ្នាក់១២A, ១២.ឈ្មោះ មុិច មន្នី ថ្នាក់ទី៩ និង១៣.ឈ្មោះ ផាន សុគន្ធា ថ្នាក់ទី៨​ ។

សិស្សស្រីដែលដួលសន្លប់ទាំងអស់ ត្រូវបានលោកគ្រូ អ្នកគ្រូ​និងអាណាព្យាបាល បញ្ជូន មកមណ្ឌលសុខភាពប្រម៉ោយ ដេីម្បីតាមដានអាការៈ និងស្រាវជ្រាវរកមូលហេតុបន្ត​។

លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងថាៈ បើតាមការសន្និដ្ឋានរបស់ក្រុម គ្រូពេទ្យថា​​ ប្អូនៗសិស្សសាលា ដែលបានដួលសន្លប់ខាងលើ អាចបណ្តាលមកពី ការខ្វះអាហារូបត្ថម្ភ ដោយសារការហូប មិនបានគ្រប់គ្រាន់ ទើបបណ្តាលឱ្យកើតមានករណី ខាងលើនេះ ។

លោកអធិការនគរបាលស្រុកវាលវែង បានឱ្យដឹងទៀតថាៈ ដោយឡែក តាមអប៉ិយជំនឿ ដោយសារនៅមុនពេលកើតហេតុ ក្មេងស្រីបានមើលឃើញរូបផ្សេងៗ នៅក្នុងបរិវេណ សាលា ដែលធ្វើឲ្យភ័យស្លន់ស្លោ ដួលជាបន្តបន្ទាប់ តែទោះជាយ៉ាងណា នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ទាំងក្រុមការងារចុះស្រុកវាលវែង រួមនឹងនាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សទាំងអស់ នឹងធ្វើពិធីសែនព្រេន តាមបែបព្រហ្មញ្ញសាសនា ដើម្បីសុំសេចក្តីសុខ កុំឱ្យកើតមានបែបនេះទៀត ។

លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងបន្ថែមទៀតថាៈ មកដល់ពេលនេះ ស្ថានភាព សុខភាពរបស់ប្អូនៗ ក្មេងស្រីសិស្សសាលាទាំងអស់ មានភាពប្រសើរឡើងវិញ អស់ហើយ៕/V/R