ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារខ្លីជាមួយរូបថតបីសន្លឹករបស់លោកជំទាវ ប៊ុន សុថា ដែលជាប្អូនថ្លៃនាព្រលប់ថ្ងៃទី ៣ ខែកុម្ភៈ ២០២៣ ដោយសម្តេចសរសេរថា«ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ ប្អូនថ្លៃស្រី។»
លោកជំទាវ ប៊ុន សុថា ហៅប៊ុន សាមហ៊ឹង ត្រូវប្អូនស្រីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានទទួលមរណភាពនៅវេលាម៉ោង៦៖១៣នាទីល្ងាចថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៣ក្នុងជន្មាយុ៦៧ឆ្នាំដោយរោគាពាធ។
សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ៦៦ផ្លូវលេខ៥២៨កែងនឹងផ្លូវលេខ២៨៥សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតីនៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៣។
មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាបាត់បង់នូវប្អូនស្រី ភរិយា អ្នកម្តាយ ម្តាយមីង ជីដូន ប្រកបដោយព្រហ្មវិហារធម៌និងក្តីសន្ដោសប្រណីចំពោះបងប្អូន កូនចៅ ក្មួយៗ និងក្រុមគ្រួសារ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕