ដោយៈ បាយ័ន / សៀមរាបៈ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាច បង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។ នេះជាការបញ្ជាក់ ដោយអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃនេះ។

លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថាៈ ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាល ឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យ ចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។

លោកពន្យល់ថាៈ ការកាត់ដក និងកាត់ក្រីមែកឈើ នៅតាមទីតាំងនានា ដើម្បីធានា សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារ ក៏បានរៀបចំផ្លូវវាង ដើម្បីសម្រួលដល់ភ្ញៀវ ឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។

គួរបញ្ជាក់ថា នេះជាការងារប្រចាំថ្ងៃរបស់ អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាព វប្បធម៌ ក៏ដូចជា ថែរក្សាបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវ នាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួម សហការ ដើម្បីឱ្យការអនុវត្តការងារ បានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕ V / N