ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានធ្វើសមយុទ្ធរួមគ្នាជាលើកទីពីរក្នុងរយៈពេលតែមួយសប្តាហ៍ដោយប្រើយន្តហោះស៊េរីទំនើបចុងក្រោយរបស់ប្រទេសទាំងពីរ ទោះជាកូរ៉េខាងជើងបានត្អូញត្អែរថាលំហាត់យោធានេះនឹងរឹតតែបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េក្តី។
ប្រទេសទាំងពីរបានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាលើសមុទ្រនៅខាងលិចឧបទ្វីបកូរ៉េកាលពីថ្ងៃសុក្រទី៣កុម្ភៈ ដោយប្រើប្រាស់យន្តហោះដូចជាF35Aរបស់កូរ៉េខាងត្បូងរួមជាមួយ F-22 និង F-35Bរបស់សហរដ្ឋអាម៉េរិក នេះបើតាមសេចក្តីថ្លែងការណ៍មួយផ្សាយដោយយោធាកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍បាននិយាយថា កងទ័ពអាកាសនៃប្រទេសទាំងពីរ«នឹងបន្តការហ្វឹកហាត់រួមគ្នាដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនិងការត្រៀមខ្លួនទល់នឹងការគំរាមប្រើនុយក្លេអ៊ែរនិងកាំជ្រួចពីកូរ៉េខាងជើង»។
កាលពីឆ្នាំមុន កូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចផ្លោងក្នុងចំនួនច្រើនបំផុតមិនដែនធ្លាប់មាន ទោះជាជាប់បំរាមក្នុងសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។រដ្ឋកុំម្មុយនីស្តឯកោមួយនេះក៏បើកទីតាំងសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាហេតុនាំអោយមានការប៉ាន់ស្មានថា កូរ៉េខាងជើងអាចនឹងសាកល្បងនុយក្លេអ៊ែរនៅពេលណាមួយជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សមយុទ្ធមុនៗរបស់អាម៉េរិកនិងសម្ពន្ធមិត្តខ្លួនបានឡើងដល់«ខ្សែបន្ទាត់ក្រហមខ្លាំង»និងគំរាមប្រែក្លាយឧបទ្វីបកូរ៉េទៅជា«ឃ្លាំងអាវុធដ៏ធំ និងជាតំបន់សង្គ្រាមស្លាប់រស់ខ្លាំងជាងមុន»មួយ។
កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញក៏បានព្រមានប្រើសព្វាវុធនុយក្លអ៊ែរទល់នឹងនុយក្លេអ៊ែរ និងការប្រឈមមុខគ្នាពេញធឹងជាមួយសហរដ្ឋអាម៉េរិកនៅពេលមេដឹកនាំគីម ជុងអ៊ុង ច្រឡោតខឹងនឹងសមយុទ្ធរួមគ្នារវាងអាម៉េរិកនិងកូរ៉េខាងត្បូង។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបាននិយាយថាយោធាអាម៉េរិកកំពុងរុញភាពតានតឹងអោយដល់«បន្ទាត់ក្រហមខ្លាំង» និងថាខ្លួនបានត្រៀមទប់ទល់ជាមួយនឹង«កងកម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត»៕
ការគំរាមរបស់កូរ៉េខាងជើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក (ឆ្វេង)ដែលបាននិយាយជាមួយសមភាគីកូរ៉េខាងត្បូង(ស្តាំ)នៅក្រុងសេអ៊ូលកាលពីថ្ងៃអង្គារថា អាម៉េរិកនឹងបញ្ជូនទ្រព្យយោធាទំនើបៗមកកាន់ឧបទ្វីបកូរ៉េ រួមមានយន្តហោះនិងនាវាដឹកយន្តហោះ