ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមកាំភ្លើងធំរំពឹងថានឹងអាចយកឈ្នះលើ Everton នៅថ្ងៃសៅរ៍នេះដើម្បីរក្សាពិន្ទុខ្ពស់លើកំពូលតារាង EPL ស្របពេលនេះដែរ បិសាចក្រហម Man U ក៏រំពឹងឈ្នះលើ Crystal Palace ផងដែរ ដើម្បីបន្ថយគម្លាតពិន្ទុពីកាំភ្លើងធំ។ ទន្ទឹមនេះ Liverpool ក៏រំពឹងយកឈ្នះលើ Wolves ផងដែរដើម្បីប្រជែងតំណែងកំពូលទាំងបួនក្នុង Premier League។
ការព្យាករណ៍ ៖
– Everton vs Arsenal
* Arsenal ឈរនៅកំពូលតារាង Premier League ដោយឈ្នះ ១៦ ប្រកួតពី ១៩ ប្រកួតក្នុងលីក។
* Arsenal បានកត់ត្រា Clean Sheet ចំនួន ៩ លើកនៅក្នុង Premier League រដូវកាលនេះ។
* Everton កំពុងស្ថិតក្នុងតំបន់កាត់ចោលដោយឈ្នះក្នុងលីកតែ៣ដងប៉ុណ្ណោះក្នុងរដូវកាលនេះ។
* Eddie Nketiah រកបាន ៤ គ្រាប់ក្នុង Premier League នៅរដូវកាលនេះ។
លោក Sean Dyche ត្រូវបានប្រកាសជាអ្នកចាត់ការទូទៅថ្មីរបស់ Everton នៅដើមសប្តាហ៍នេះ ហើយត្រូវប្រឈមតេស្តិ៍ដ៏លំបាកលើកដំបូងនៅក្នុងបន្ទុក ខណៈក្រុមរបស់គាត់ស្វាគមន៍ក្រុមកំពូលតារាង Premier League Arsenal មកកាន់កីឡដ្ឋាន Goodison Park នៅថ្ងៃសៅរ៍នេះ។
បរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម West Ham ក្នុងលីកបានបញ្ចប់តំណែងរបស់លោក Frank Lampard ហើយអតីតគ្រូបង្វឹកក្រុម Burnley លោក Dyche បានទទួលមរតកក្រុមដែលកំពុងតស៊ូងើបចេញពីតំបន់កាត់ចោល។
ការចាញ់ក្រុមញញួរធំគឺជាការប្រកួតចាញ់លើកទី៤ជាប់ៗគ្នារបស់ Everton នៅគ្រប់ការប្រកួតទាំងអស់ ហើយពួកគេចូលមកក្នុងការប្រកួតទល់នឹងក្រុម Arsenal ក្រោយកត់ត្រាជ័យជម្នះក្នុងលីកតែ ៣ ដងប៉ុណ្ណោះពីការប្រកួតលីកចំនួន ២០ ដង។
លោក Dyche ដែលបានដឹកនាំក្រុម Burnley ទៅកាន់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល ៥១ ឆ្នាំ ត្រូវគេរំពឹងថានឹងធ្វើឱ្យ Everton កាន់តែការពាររឹងជាងមុនពីវិធីសាស្ត្រគ្រប់គ្រងបែបគណនារបស់គាត់ ប៉ុន្តែវាអាចត្រូវការពេលវេលាច្រើនដើម្បីដាក់ចេញវិធីសាស្ត្ររបស់គាត់លើក្លិបនេះ។
កាំភ្លើងធំ Arsenal កំពុងមានប្រៀបលើក្រុម Manchester City ចំនួន ៥ ពិន្ទុលើកំពូលតារាង Premier League ជាមួយនឹងមួយប្រកួតក្នុងដៃ។
កូនក្រុមរបស់លោក Mikel Arteta បានទទួលជ័យជម្នះធំៗចំនួនពីរលើគូប្រជែងរបស់ពួកគេនាពេលថ្មីៗនេះ ដោយបានផ្តួលក្រុម Tottenham និង Manchester United ក្នុងលីកក្នុងខែមករា ហើយពួកគេគឺជាក្រុមមានប្រៀបជាងគេក្នុងការលើកពាន Premier League យ៉ាងភ្ញាក់ផ្អើល។
ធនធានកីឡាករនឹងក្លាយជាកង្វល់ទៅថ្ងៃមុខសម្រាប់អ្នកគាំទ្រ Arsenal ខណៈពួកគេបានបរាជ័យក្នុងការប៉ុនប៉ងទិញកីឡាករ Moises Caicedo នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ មុនពេលងាកមកចាប់អារម្មណ៍កីឡាករ Jorginho ហើយការជ្រុះចេញពី FA Cup ក្រោមថ្វីដៃរបស់ Manchester City អាចជាពរជ័យរបស់ពួកគេសម្រាប់លទ្ធភាពលើកពាន EPL ទៅវិញទេ។
ដោយដឹងថាត្រូវប៉ះ Man City នៅចុងខែកុម្ភៈនេះ Arsenal ដឹងច្បាស់ថា នេះគឺជាប្រភេទការប្រកួត ដែលពួកគេមិនអាចរបូតពិន្ទុបានឡើយ ហើយការទទួលជ័យជម្នះជាវិធីតែមួយគត់ដើម្បីលទ្ធភាពឈ្នះពាន។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ២-០។
– Manchester United vs Crystal Palace
* Manchester United បានឈ្នះ ៧ ប្រកួតក្នុងចំណោមការប្រកួតលីកចំនួន ៩ លើករបស់ពួកគេនៅ Old Trafford ក្នុងរដូវកាលនេះ។
* ក្នុងការប្រកួតក្នុងផ្ទះក្នុងលីកចំនួន ៩ លើកក្នុងរដូវកាលនេះ Man United បានរក្សា Clean Sheet ចំនួន ៥។
* Crystal Palace មិនស្គាល់ឈ្នះសោះក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។
* Marcus Rashford រកគ្រាប់បាល់បាល១គ្រាប់ជាមធ្យមរៀងរាល់ ១៨០ នាទីក្នុង Premier League រដូវកាលនេះ។
ការប្រឹងដណ្តើមពានរបស់ Manchester United ត្រូវបានវាយសំពងយ៉ាងធ្ងន់ធ្ងរដោយការស៊ុតបញ្ចូលទីតាមស្មើចុងម៉ោងពី Crystal Palace នៅពេលក្លិបទាំងពីរបានជួបគ្នាកាលពីដើមខែមករា ប៉ុន្តែបិសាចក្រហមសុំសងសឹកលើក្រុមឥន្ទ្រីដែកវិញ នៅពេលពួកគេជួបគ្នាម្តងទៀតនៅកីឡដ្ឋាន Old Trafford ។
ក្រោយទើបទទួលជ័យជម្នះដ៏ធំលើក្រុម Manchester City ក្រុមបិសាចក្រហមបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Selhurst Park កាលពីថ្ងៃពុធជាមួយនឹងទំនុកចិត្តខ្ពស់ ហើយប៊ិះតែនឹងទទួលជ័យជម្នះ ដែលនឹងកាត់បន្ថយគម្លាតរវាងពួកគេនិងក្រុមនាំមុខ Arsenal ។
នោះគឺរហូតដល់កីឡាករ Michael Olise រកបានគ្រាប់បាល់តាមស្មើជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick ដ៏គួរឱ្យភ្ញាក់ផ្អើលនៅនាទីទី ៩១ ដែលមានន័យថា ក្រុមទាំងពីរស្មើគ្នា ១-១ និងចែកគ្នាម្នាក់១ពិន្ទុ។
សម្រាប់ United ការស្មើនោះកើតឡើងក្រោយទើបតែចាញ់ ៣-២ ក្រោមស្នាដៃ Arsenal នៅកីឡដ្ឋាន Emirates ហើយក្តីសង្ឃឹមដ៏ស្រពេចស្រពិលរបស់លោក Erik ten Hag ក្នុងការលើកពានលីក ឥឡូវនេះបានរលាយបាត់ទៅហើយ។
ទោះយ៉ាងណា ពួកគេនៅតែស្ថិតក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួន ហើយបានកត់ត្រាការឈ្នះខាប់សំខាន់ៗមួយចំនួនលើ Nottingham Forest និង Reading ចាប់តាំងពីការចាញ់នោះមក។
ហើយពួកគេមើលទៅមានលទ្ធភាពខ្ពស់ណាស់ដើម្បីផ្តួល Crystal Palace ក្នុងទីក្រុង Manchester នៅថ្ងៃសៅរ៍។
រំពឹងថា Rashford នឹងបង្កព្យុះភ្លៀង ហើយជួយ Man U ឈ្នះក្នុងលទ្ធផលទស្សនទាយ ២-០។
– Wolves vs Liverpool
* Wolves រកបានគ្រាប់បាល់តិចបំផុតក្នុងចំណោមក្រុមទាំងអស់ក្នុង Premier League រដូវកាលនេះ គឺ ១២ គ្រាប់។
* Liverpool ឈ្នះ ៨ លើកក្នុងការប្រកួត EPL ១៩ លើក។
* ១១ ប្រកួតចុងក្រោយរបស់ Wolves មានគ្រាប់បាល់តិចជាង ២,៥។
Liverpool បានរងបរាជ័យមួយផ្សេងទៀតកាលពីចុងសប្តាហ៍ ដោយចាញ់ Brighton ២-១ ខណៈគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Kaoru Mitoma បានទម្លាក់ម្ចាស់ជើងឯក FA Cup នេះ។ ហង្សក្រហមនឹងសម្លឹងងើបឡើងវិញពេលប៉ះ Wolves បន្ទាប់ពីឈ្នះតែ១ប្រកួតគត់ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ។
ជ័យជម្នះតែមួយគត់នៅក្នុងការប្រកួតទាំងនោះគឺការឈ្នះ ១-០ លើ Wolves នៅក្នុងជុំមុនៗនៃ FA Cup ហើយលោក Jurgen Klopp សង្ឃឹមថា កូនក្រុមរបស់លោកនឹងអាចទទួលបានទំនុកចិត្តពីជ័យជម្នះនោះនៅក្នុងការប្រកួតនេះ។
ការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ឥឡូវនេះគឺជាអាទិភាពកំពូលរបស់ហង្សក្រហមនៅក្នុងលីក ហើយពួកគេត្រូវតែប្រឹងឱ្យខ្លាំងចាប់ពីឥឡូវទៅ មិនអ៊ីចឹងទេនឹងហួសពេល ព្រោះគូប្រជែងកំពុងមានសន្ទុះទៅមុខលឿនណាស់។
Wolves បានបណ្តេញអ្នកចាត់ការទូទៅ Bruno Lage កាលពីឆ្នាំមុន ហើយបានជំនួសគាត់ដោយអតីតអ្នកចាត់ការទូទៅរបស់អេស្ប៉ាញនិង Sevilla លោក Julen Lopetegui ខណៈ Wolves បានប្រឹងគេចពីតំបន់កាត់ចោល។
បញ្ហាលេខមួយសម្រាប់លោក Lopetegui គឺកង្វះគ្រាប់បាល់ ដោយក្រុមរបស់គាត់ស៊ុតបញ្ចូលទីបានត្រឹមតែ ១២ គ្រាប់ប៉ុណ្ណោះក្នុង ២០ ប្រកួតក្នុង Premier League ដែលជាការស៊ុតចូលតិចជាងគេបំផុត។
ខណៈ Liverpool ធ្វើមិនបានល្អក្នុងរដូវកាលនេះ ពួកគេអាចទទួលបានទំនុកចិត្តច្រើនពីកំណត់ត្រាដ៏រឹងមាំរបស់ពួកគេទល់នឹងគូប្រជែងមួយនេះ។ ពួកគេបានឈ្នះចំនួន ៨ លើកក្នុងចំណោម ៩ លើកចុងក្រោយជាមួយនឹង Wolves ហើយការឈ្នះ ៦ លើកក្នុងចំណោមនោះគឺឈ្នះទល់នឹងសូន្យ។
ក្រុមទាំងពីរធ្លាប់បានប៉ះគ្នារួចហើយក្នុងរដូវកាលនេះក្នុង FA Cup ដោយហង្សក្រហមបានឈ្នះក្នុងលទ្ធផល ១-០។ កូនក្រុមរបស់លោក Jurgen Klopp ត្រូវតែចាប់ផ្តើមឈ្នះការប្រកួតលីក ប្រសិនបើពួកគេចង់ជោគជ័យក្នុងការប្រជែងយកចំណាត់កំពូលទាំង៤ ហើយពួកគេអាចទាញយកប្រយោជន៍ពីក្រុមម្ចាស់ផ្ទះ ដែលពិបាករកគ្រាប់បាល់មួយនេះ។
លទ្ធផលទស្សនទាយ Liverpool ឈ្នះ ១-០៕
Arsenal នឹងកាន់តែដាច់ពិន្ទុលើកំពូលតារាង ប្រសិនបើឈ្នះ Everton