ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសុក្រទី៣កុម្ភៈថា ភ្លើងឆេះព្រៃរាប់សិបកន្លែងនៅក្នុងប្រទេសឈីលីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងបានឆាបឆេះផ្ទៃដីប្រហែល ១៤.០០០ ហិកតា ខណៈរលកកម្តៅរដូវក្តៅបានបោកបក់ពាសពេញប្រទេសនៅអឌ្ឍគោលខាងត្បូងមួយនេះ។
អាជ្ញាធរក្នុងស្រុកបាននិយាយថា មនុស្ស ១១ នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅក្នុងទីប្រជុំជនសាន់តាវ័រណា (Santa Juana) ក្នុងតំបន់បាយអូបាយអូ (Biobio)ស្ថិតនៅចម្ងាយ ៥០០ គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសាន់ទីអាហ្គោ (Santiago)។
រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានរាយការណ៍ផងដែរថា ឧទ្ធម្ភាគចក្រជំនួយសង្គ្រោះបន្ទាន់មួយគ្រឿងនៅតំបន់ឡាអារ៉ូកានៀ (La Araucania) ភាគខាងត្បូងបានធ្លាក់ដោយសម្លាប់អ្នកបើកបរនិងជាងមេកានិកម្នាក់។
ស្ថានភាពគ្រោះមហន្តរាយត្រូវបានប្រកាសនៅក្នុងតំបន់កសិកម្មនិងព្រៃឈើបាយអូបាយអូនិងតំបន់នូប៊ល (Nuble)ជិតខាង ជាហេតុជំរុញឱ្យមានការដាក់ពង្រាយទាហាននិងធនធានបន្ថែម។
រដ្ឋមន្ត្រីមហាផ្ទៃលោកស្រី ខារ៉ូលីណា តូហា (Carolina Toha)បាននិយាយថា ផ្ទះរាប់រយខ្នងត្រូវបានខូចខាត ខណៈភ្លើងព្រៃចំនួន ៣៩ កន្លែងបានឆាបឆេះនៅទូទាំងប្រទេស។
លោកស្រីតូហាបានប្រាប់អ្នកកាសែតថា “ស្ថានភាពក្នុងប៉ុន្មានថ្ងៃខាងមុខនឹងមានហានិភ័យ”។
លោកស្រីបាននិយាយថា គ្រឿងបរិក្ខារលើដីនិងកងយន្តហោះដែលមានចំនួន ៦៣ គ្រឿងកំពុងពង្រឹងការពន្លត់អគ្គិភ័យ ដោយរំពឹងមានជំនួយពីប្រេស៊ីលនិងអាហ្សង់ទីនកើតឡើងផងដែរ៕
ភ្លើងព្រៃរាប់សិបកន្លែងសម្លាប់មនុស្ស១៣នាក់នៅឈីលី និងបំផ្លាញព្រៃប្រមាណ១៤.០០០ហិចតា