ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងលោកស្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របសើលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់(រូបថត ហ្គូហ្គល)
លោកបានបញ្ជាក់ថាតាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាលោកប្រធានាធិបតីនិងប្រតិភូនឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ ប្រធានាធិបតីនឹងមានកិច្ចប្រជុំជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលឱ្យដឹងទៀតថាតាមកម្មវិធីគ្រោងទុកគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់។ក៏នឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕ សរន