ដោយៈវ៉ៃកូ/ស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិតក៏ដូចជាអ្នកដែលបានធ្វើដំណើរតាមផ្លូវដែលកំពុងក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែប្រវែង៤,៥គីឡូម៉ែត្រ,ទទឹង៧ម៉ែត្រស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត បានសម្តែងនូវក្តីសប្បាយរីករាយឥតឧបមាខណៈពេលដែលផ្លូវមួយខ្សែនេះកំពុងលេចចេញជារូបរាងបណ្តើរៗជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣។ ផ្លូវនេះអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។
អ្នកស្រី វ៉ា ចាន់ដាវី ជាប្រជាពលរដ្ឋរស់នៅភូមិថ្នាញ សង្កាត់បាទី នៅថ្ងៃទី៤ ខែកុម្ភ:បាននិយាយថា ថ្នល់នេះកាលពីមុនមានការលំបាកខ្លាំងណាស់។ ខែវស្សាមានទឹកដក់ត្រឹមជង្គង់ ។ឥឡូវនេះបានរាជរដ្ឋាភិបាលមកធ្វើផ្លូវក្រាលកៅស៊ូប្រជាជនរស់នៅទីនេះ និងអ្នកធ្វើដំណើរលែងមានការលំបាកទៀតហើយ។អ្នកស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានធ្វើថ្នល់ឱ្យប្រជាជនក្នុងសង្កាត់បាទីនាពេលនេះ។
ចំណែកលោក គឹម ថុន សព្វថ្ងៃមានទីលំនៅឃុំទួលស្តី ស្រុកចន្ទ្រា ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះក៏បានរំលឹកដែរថា កន្លងមកផ្លូវតាព្រឹមនេះមានសភាពលំបាកចាប់ពីដងទង់រហូតដល់ផ្លូវបាវិតនេះតែម្ដង។ ឥឡូវទើបឆ្នាំហ្នឹងឃើញរាជរដ្ឋាភិបាល អាជ្ញាធរ លោកអភិបាលក្រុងបាវិត លោកចៅសង្កាត់ធ្វើផ្លូវល្អឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលទោះបីជាពេលនេះមិនទាន់បានស្រួលដោយសារផ្លូវកំពុងធ្វើក៏ដោយប៉ុន្តែនៅពេលបានក្រាលកៅស៊ូរួចរាល់ផ្លូវនេះនឹងងាយស្រួលក្នុងការធ្វើដំណើរ។លោកសូមអរគុណចំពោះដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានធ្វើផ្លូវឱ្យប្រជាពលរដ្ឋបានងាយស្រួលក្នុងការរកស៊ីប្រចាំថ្ងៃ។
សូមរំលឹកថា ផ្លូវក្រាលកៅស៊ូDBST ស្ថិតនៅក្នុងសង្កាត់បាទីនេះត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត៕សរន / N