ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: គ្រូបង្វឹកការាតេជម្រើសជាតិ បានរំពឹងទុកថា ការាតេកំពុងតែបង្កើនការហ្វឹកហាត់ ដើម្បីស្វែងរកមេដាយមាស ៤ គ្រឿង ពីស៊ីហ្គេម លើកទី៣២នាពេលខាងមុខនេះ។
លោក ហេង ផេង ប្រធានគ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថាៈ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (Camsoc) បានដាក់សន្ទស្សន៍ឲ្យការាតេ រកមេដាយមាសឲ្យបាន ២ គ្រឿង តែថ្នាក់ដឹកនាំសហព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកីឡាករ
កីឡាការិនី ដែលធ្លាប់ដណ្ដើមបានមេដាយ ពីព្រឹត្តិការណ៍ប្រកួត ជាអន្តរជាតិនានាដើម្បីឈានទៅរកមេដាយមាស ចំនួន ៤ គ្រឿង។
អ្នកដែលធ្លាប់បានមេដាយសំរិទ្ធ នាស៊ីហ្គេមលើកទី៣១ នៅវៀតណាម សហព័ន្ធជំរុញគេឲ្យប្រជែងយកមេដាយមាស ចំពោះអ្នកដែលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កន្លងមក គឺជំរុញគេឲ្យរក្សាមេដាយមាសជាបន្ដ។
ចំពោះវិញ្ញាសាសម្ដែងជាក្រុមនារី ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតការាតេជើងឯកពិភពលោក K-1 នៅប្រទេសឥណ្ឌូណេស៊ី កន្លងមក ក៏ជាគោលដៅស្វែងរកមេដាយមាសដែរ។
សមាសភាពក្រុមជម្រើសជាតិពេលនេះ មានចំនួន ២៨ នាក់ ក្នុងនោះ កីឡាករ ១២ នាក់និងកីឡាការិនី ចំនួន ១៦ នាក់។ ការហ្វឹកហាត់ ចែកចេញជាវិញ្ញាសាធំៗ ចំនួន ២គឺវិញ្ញាសាប្រយុទ្ធ និងសម្ដែង។
សម្រាប់ស៊ីហ្គេមលើកទី៣២ ខាងមុខនេះ វិញ្ញាសាសម្ដែង មាន ១៧ វិញ្ញាសា ក្នុងនោះនារីមាន ៨ វិញ្ញាសា បុរស ៩ វិញ្ញាសា។ សម្រាប់វិញ្ញាសាប្រយុទ្ធវិញ បុរសមាន ៥ វិញ្ញាសាគឺទម្ងន់ក្រោម ៥៥ គីឡូក្រាម ក្រោម ៦០ គីឡូក្រាម ក្រោម ៧៥ គីឡូក្រាម ក្រោម ៨៨
គីឡូក្រាម និងចាប់ពី ៨៨ គីឡូក្រាមឡើង។ ចំពោះនារី មានទម្ងន់ ៥០ គីឡូក្រាម ក្រោម៥៥ គីឡូក្រាម ក្រោម ៦១ គីឡូក្រាម ក្រោម ៦៨ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធជាក្រុម។
លោក ហេង ផេង បានអះអាងថាៈ ២ឆ្នាំចុងក្រោយនេះ យើងត្រៀមខ្លួនបានល្អ កីឡាករកីឡាការិនី ក៏បង្ហាញពីឆន្ទៈមោះមុត ព្រោះព្រឹត្តិការណ៏ស៊ីហ្គេមនេះ ជាឱកាសសម្រាប់ម្ចាស់ផ្ទះ បន្ទាប់ពីយើងរង់ចាំ ៦៤ ឆ្នាំមកនោះ៕ V / N