​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ នៅពេលដែល​នាង ជូ​លៀត ឡា​មួរ (Juliette Lamour) បាន​ឈ្នះឆ្នោត​ឡូតូ​លើ​ការសាកល្បង​លេង​ជា​លើកដំបូង ក្មេង​ជំទង់​រូប​នេះ​ភ្លាមៗ​បាន​ទូរស័ព្ទ​​ទៅ​រក​អ្នក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ឬ ឪពុក​របស់​នាង​មួយ​រំពេច​។​

​ក្មេង​ជំទង់​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទើបតែ​ទទួលបាន ៤៨ លាន​ដុល្លារ​កាណាដា (៣៥,៨ លាន​ដុល្លារ​អាម៉េរិក​) ក្លាយ​ជា​ជនជាតិ​កាណាដា​ក្មេង​បំផុត​ដែល​ឈ្នះ​រង្វាន់​ធំ​បែបនេះ​។​

​ប៉ុន្តែ​ខណៈ​ក្មេង​ជំទង់​ជាច្រើន ដែល​ស្រាប់តែ​មាន​ទ្រព្យសម្បត្តិ​ភ្លាមៗ​មិន​នឹកស្មាន​ដល់​បែបនេះ ផ្ទុះ​ការរីករាយ​ខ្លាំង​នោះ នាង​ឡា​មួរ​មានបំណង​រក្សា​ភាពសាមញ្ញ​។​

​និស្សិត​សាកលវិទ្យាល័យ​រូប​នេះ​គ្រោង​នឹង​សិក្សា​ឱ្យ​ចប់​ក្លាយជា​វេជ្ជបណ្ឌិត​។​

​នាង​បាន​និយាយ​នៅ​ឯ​ក្រុមហ៊ុន​មួយ កាលពី​ថ្ងៃ​សុក្រ ខណៈ​នាង​អបអរ​ការ​ឈ្នះ​កាលពី​ខែ​មុន​ថា “​ខ្ញុំ​បាន​ស្រែកយំ ដែល​ជា​ទឹកភ្នែក​រីករាយ​”​។​

“​ខ្ញុំ​នៅតែ​មិន​ជឿ​ថា​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ឆ្នោត Gold Ball Jackpot នៅលើ​សន្លឹកឆ្នោត​ដំបូង​របស់​ខ្ញុំ​!”​។​

​នាង​ឡា​មួរ​មកពី​ទីក្រុង​ស៊ុល​ស្តេ​ម៉ារី (Sault Ste. Marie) ខេត្ត​អន​ថា​រី​អូ (Ontario) បាន​និយាយថា​នាង​ភ្លេច​អស់​នូវ​សន្លឹកឆ្នោត​របស់​នាងរ​ហូត​ដល់​នាង​បាន​ទទួលដំណឹង​ថា​មាន​មនុស្ស​​ម្នាក់​មក​ពី​ស្រុកកំណើត​របស់​នាង​បាន​ឈ្នះ​ឆ្នោត​ដែល​ចាប់​កាលពី​ថ្ងៃទី ៧ មករា​។​

​នៅពេល​នាង​ទៅ​ពិនិត្យ​សន្លឹកឆ្នោត​របស់​នាង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ សំឡេង​សើច​ចាប់ផ្តើម​បន្លឺឡើង ហើយ​ពាក្យ​ថា “​ម្ចាស់​ជ័យលាភី​ធំ​” បាន​បង្ហាញ​នៅ​លើ​អេក្រង់​។​

​នាង​ឡា​មួរ​បាន​និយាយថា “​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​បាន​លុតជង្គង់​ទាំង​មិន​នឹកស្មាន​ដល់​។ គាត់​បាន​ស្រែក​ហ៊ោ​។ ពិតណាស់ មនុស្ស​គ្រប់គ្នា​នាំ​គ្នា​ស្រែក​ថា ខ្ញុំ​ឈ្នះ ៤៨ លាន​ដុល្លារ​”​។​

​ថៅកែ​របស់​នាង​បាន​ប្រាប់​នាង​ថា​នាង​អាច​ចេញ​ពី​ធ្វើការ​មុន​ម៉ោង​បាន ប៉ុន្តែ​ម្តាយ​របស់​នាង​បាន​ទទូច​ឱ្យ​នាង​ធ្វើការ​ដល់​ចប់​ម៉ោង​៕

​នាង ជូ​លៀត ឡា​មួរ ឈ្នះ ៣៥,៨ លាន​ដុល្លារ​អាម៉េរិក​