ប្រែសម្រួលៈបំណង(eurasiantimes)៖នៅពេលយោធាអាម៉េរិកកាន់តែធានាបានការចូលទៅប្រើប្រាស់មូលដ្ឋានយោធាសំខាន់ៗនៅហ្វីលីពីន ចិនបានព្រមានរដ្ឋាភិបាលទីក្រុងម៉ានីលថាវាអាចនាំអោយគេយកប្រៀបលើនិងទាញប្រទេសអាស៊ីអាគ្នេយ៍មួយនេះអោយធ្លាក់ចូលក្នុងស្ថានការណ៍លំបាក។
យោធាអាម៉េរិកបានបញ្ចុះបញ្ចូលដោយជោគជ័យអោយរដ្ឋាភិបាលទីក្រុងម៉ានីលអនុញ្ញាតអោយខ្លួនចូលប្រើប្រាស់មូលដ្ឋានយោធាបួនបន្ថែមទៀតនៅហ្វីលីពីន។ សូមបញ្ជាក់ថា អាម៉េរិកទទួលបានសិទ្ធិចូលប្រើប្រាស់រួចហើយមូលដ្ឋានយោធាចំនួនប្រាំនៅហ្វីលីពីន។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន និងសមភាគីហ្វីលីពីន កាលីតូ ហ្កាល់វេស(Carlito Galvez)បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នានៅបញ្ជាការដ្ឋានយោធាក្នុងក្រុងម៉ានីលថា អាម៉េរិកនឹងទទួលបានការអនុញ្ញាតអោយចូលប្រើប្រាស់មូលដ្ឋានទ័ពបួនទៀតក្រោមកិច្ចព្រមព្រៀងEDCAឆ្នាំ២០១៤។
លោកឡយ អូស្ទីន បាននិយាយថា« សម្ពន្ធភាពរបស់យើងកាន់តែធ្វើអោយលទ្ធិប្រជាធិបតេយ្យមានការធានាខ្លាំងឡើង និងជួយរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអោយនៅតែសេរីនិងបើកចំហ»។
ការវិវត្តន៍សភាពការណ៍នេះសំខាន់ នៅពេលវាកើតឡើងចំពេលចិនកាន់តែអាងយ៉ាងខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង និងការប្រឈមមុខជាមួយកងកម្លាំងអាម៉េរិកនៅទីនោះក៏កាន់តែកើនឡើង។វាមិនធ្វើអោយចិនសប្បាយចិត្តទេ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងការធ្វើយោធូបនីយកម្មអាម៉េរិកនៅក្នុងតំបន់។រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញការព្រមានដ៏ខ្លាំងមួយទៅកាន់ហ្វីលីពីន ដោយថាប្រទេសនេះប្រឈមនឹងការ«អោយអាម៉េរិកកេងចំណេញលើ» ហើយថាភាគីអាម៉េរិកទទួលខុសត្រូវចំពោះការកើនឡើងភាពតានតឹង។
ស្ថានទូតចិនប្រចាំទីក្រុងម៉ានីលបាននិយាយថា« សហរដ្ឋអាម៉េរិក ចេញពីគំនិតគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននិងការប្រជែងមានអ្នកឈ្នះអ្នកចាញ់ កំពុងបន្តបង្កើនវត្តមានយោធានៅក្នុងតំបន់។អំពើរបស់អាម៉េរិកបង្កើនភាពតានតឹងនិងបំផ្លាញសន្តិភាពព្រមទាំងស្ថិរភាពតំបន់»។
«ចិនសង្ឃឹមហ្វីលីពីន មានការប្រុងប្រយ័ត្ននិងកុំអោយគេកេងចំណេញលើហើយទាញខ្លួនចូលក្នុងស្ថានការណ៍លំបាក។ចិនតែងតែប្រកាន់គំនិតដែលថា កិច្ចសហការសន្តិសុខនិងយោធារវាងប្រទេសគួរធ្វើឡើងសំរាប់ជួយសន្តិភាពនិងស្ថិរភាពតំបន់ ដោយមិនត្រូវផ្តោតលើភាគីទីបីណាមួយទេ ទោះជាវាបង្កការគំរាមតិចតួចដល់ភាគីទីបីក៏ដោយ»។
ការសំរេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងម៉ានីលធ្វើអោយចំនួនមូលដ្ឋានយោធាហ្វីលីពីនដែលយោធាអាម៉េរិកអាចចូលប្រើប្រាស់បានឡើងដល់ប្រាំបួន។ការសំរេចចិត្តនេះកើតឡើងក្រោយអាម៉េរិកសំរេចចំណាយប្រាក់៨២លានដុល្លារលើហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋានដែលមានស្រាប់៕
កិច្ចព្រមព្រៀង EDCAអនុញ្ញាតអោយអាម៉េរិកចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនសំរាប់ការហ្វឹកហាត់រួមគ្នា ដាក់គ្រឿងបរិក្ខារយោធានិងសាងសង់ទីតាំង រួមមានផ្លូវចុះឡើងរបស់យន្តហោះ ឃ្លាំងស្តុកប្រេងនិងផ្ទះទាហាន តែមិនសំរាប់វត្តមានអចិន្ត្រៃយ៍ទេ
សកម្មជនហ្វីលីពីនធ្វើការប្រឆាំងវត្តមានយោធាអាម៉េរិកក្នុងអំឡុងពេលរដ្ឋមន្រ្តីការពារជាតិអាម៉េរិកធ្វើទស្សនកិច្ចហ្វីលីពីននៅសប្តាហ៍នេះ