ដោយៈ មុនីរ័ត្ន / ភ្នំពេញ: នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈបណ្ដាញព័ត៌មានសង្គម កងរាជអាវុធហត្ថ បានឃើញមានការបង្ហោះ ការចែករំលែក ការផ្តល់មតិជាច្រើន ទៅលើរូបភាពមួយសន្លឹក ហើយបានសរសេរថា “តេស្តសុខភាពចូលអាវុធហត្ថ”។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាៈ “រូបភាព១សន្លឹកនេះ មិនមែនជាសកម្មភាពពិនិត្យកាយសម្បទា របស់គ្រូពេទ្យកងរាជអាវុធហត្ថ នៅពេលពិនិត្យបេក្ខជននោះទេ។ ជាការពិត ការជ្រើសរើសចូលបម្រើ ក្នុងកងរាជអាវុធហត្ថ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមការកំណត់ ក្នុងនោះក៏មានការពិនិត្យកាយសម្បទាផងដែរ។ ប៉ុន្តែក្នុងអំឡុងពេលពិនិត្យ មិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងថតរូបទេ រីឯការពិនិត្យ គឺរក្សាបានក្រមសីលធម៌ វិជ្ជាជីវៈ”៕ V / N