ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅទីតាំងសាខា វត្តអារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាព ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង លោក ផាន់ សំបឿន លោក សាន សាំង អនុប្រធានសាខា លោកប្រធានការិយាល័យ​ អនុប្រធានការិយាល័យ មន្រ្តីរាជការចំណុះសាខា សមណនិស្សិត-និសិ្សត អាចារ្យ គណៈកម្មការ យាយជី តាជី វត្តអារញ្ញិការាម សរុប ១៥៧ អង្គ/នាក់។

ក្នុងពិធីនោះបានប្រារព្ធធ្វើតាមលំដាប់លំដោយនៃប្រពៃណីព្រះពុទ្ធសាសនា និងដង្ហែដើម្បីផ្សព្វផ្សាយប្រកាស បុណ្យមាឃបូជា និងពិធីជាច្រើនទៀត ដើម្បីសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិ មានសុខសន្តិភាព ជាដរាបរៀងទៅ ។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង អនុប្រធានសាខា បានមានសង្ឃដីកាបញ្ជាក់ថាៈ ពិធីបុណ្យជាតិធំៗ ក៏ដូច​ជាពិធីបុណ្យ​ផ្សេងៗទៀត ដោយមិនប្រកាន់សាសនា ហើយមានឱកាស​ប្រារព្ធ​ធ្វើបុណ្យទៅបាន ដោយសារប្រទេសមានសុខ​សន្តិភាពពេញលេញ និង​មាន​ស្ថិរភាព នយោបាយ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ណាស់​ថា​ ប្រជាពលរដ្ឋ​ មិនមានឱកាស​អាចប្រារព្ធពិធីបុណ្យ ដ៏ធំសម្បើមទូទាំង​ប្រទេស​បែបនេះបានទេ៕ V / N