ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្រសួងការពារជាតិអាម៉េរិកបាននិយាយនៅថ្ងៃសុក្រថា បាឡុងចារកម្មចិនទីពីរត្រូវបានប្រទះឃើញនៅលើអាម៉េរិកឡាទីន នៅមួយថ្ងៃក្រោយពីយានដូចគ្នាទីមួយត្រូវបានប្រទះឃើញហោះលើអាម៉េរិក ជាហេតុនាំអោយប្រមុខការទូតអាម៉េរិកលុបចោលដំណើរទស្សនកិច្ចដ៏កម្រទៅចិននាថ្ងៃអាទិត្យស្អែកនេះ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន
ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា បាឡុងទីមួយបានហោះឆ្ពោះទៅទិសខាងកើតនៅលើអាម៉េរិកភាគកណ្តាល និងថាវាមិនត្រូវបានបាញ់ទម្លាក់ទេដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពអ្នកនៅលើដី។ក្រោយមកនៅថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកលោកភែត រ៉ាយឌ័រ(Pat Ryder)បាននិយាយថា «យើងកំពុងពិនិត្យរបាយការណ៍អំពីបាឡុងមួយហោះឆ្លងកាត់អាម៉េរិកឡាទីន។យើងឥឡូវ វាយតំលៃថាវាជាបាឡុងស៊ើបការណ៍របស់ចិនមួយទៀត»។
នៅប៉ុន្មាននាទីមុនលោក ប្លីងកិន លុបចោលដំណើរទៅចិន រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយដោយសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុបាឡុងលើទឹកដីអាម៉េរិកនេះ និងថាវាគ្រាន់តែជាបាឡុងស៊ីវិលមានភារកិច្ចសិក្សាស្រាវជ្រាវអំពីអាកាសធាតុ តែត្រូវខ្យល់បក់អោយរសាត់អណ្តែតចេញពីផ្លូវរបស់វាតែប៉ុណ្ណោះ។
តែរដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន បានពណ៌នាវាថាជា«បាឡុងស៊ើបការណ៍»មួយ។
ក្នុងការហៅទូរស័ព្ទទៅប្រាប់មន្ត្រីការទូតចិនលោកវ៉ាង យី លោកប្លីងកិន បាននិយាយថាលោក«បានបញ្ជាក់ច្បាស់ថាវត្តមានបាឡុងស៊ើបការណ៍នៅក្នុងទីអវកាសរបស់អាម៉េរិកជាការរំលោភអធិបតេយ្យភាពអាម៉េរិកនិងច្បាប់អន្តរជាតិ ។វាជាអំពីមិនទទួលខុសត្រូវមួយ»។
ទោះជាយ៉ាងណា លោកបានប្រាប់លោកវ៉ាងថា«អាម៉េរិកប្តេជ្ញាចិត្តចូលរួមពាក់ព័ន្ធក្នុងកិច្ចការទូតជាមួយចិន និងថាខ្ញុំមានផែនការទៅធ្វើទស្សនកិច្ចចិននៅពេលសមស្រប។ជំហានទីមួយត្រូវនាំយាននេះចេញពីដែនអាកាសអាម៉េរិក។នោះជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត»។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន លោកវ៉ាងបាននិយាយថា ភាគីទាំងពីបានពិភាក្សាគ្នាអំពីឧបទ្ទវហេតុបាឡុងនេះក្នុង«លក្ខណៈវិជ្ជាជីវៈនិងដោយចិត្តត្រជាក់»។
ស៊ីនហួរបានស្រង់សម្តីលោកវ៉ាងដែលបានប្រាប់លោកប្លីងគិនដូច្នេះថា «ចិនជាប្រទេសមានការទទួលខុសត្រូវមួយនិងតែងតែប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។យើងមិនទទួលយកពាក្យចចាមអារ៉ានិងការនិយាយបំផ្លើសគ្មានមូលដ្ឋានណាមួយទេ»។លោកក៏បានអំពាវនាវអោយភាគីទាំងពីរជៀសវាងការវិនិច្ឆយខុស ហើយគ្រប់គ្រងការខ្វែងគំនិតគ្នា។
នៅថ្ងៃសៅរ៍នេះដែរ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្លីងកិនមិនដំណើរការតាមផែនការទេនៅពេល«អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកខ្លះប្រើឧបទ្ទវហេតុបាឡុងនេះជាលេសវាយប្រហារនិងមួលបង្កាច់ចិន»៕
ចិនអំពាវនាវអោយស្ងប់ស្ងាត់ចំពេលមានជម្លោះអំពីបាឡុងយក្សមួយនៅទឹកដីអាម៉េរិក