សូត្រ ប៊ុន​ធី ចាញ់​ពិន្ទុ ផា យ៉ាក​ឡេ​ក​

1093
ចែករម្លែក
ទិដ្ឋភាព​ប្រកួត​ប្រចាំ​សប្ដាហ៍ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​៖ បន្ទាប់ពី​ប្រកួត​ស្មើគ្នា​កាលពី​ប្រមាណ​កន្លះ​ខែ​មុន​នោះ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី មិន​អស់ចិត្ត​ចំពោះ​លទ្ធផល​ស្មើគ្នា​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ឡេ​ក ឡើយ​។​

​អីចឹង​ហើយ​ទើប​គេ​ស្វែងរក​ឱកាស ដើម្បី​ប្រកួត​ជម្រះបញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ឡើងវិញ​នោះ​។ ការប្រកួត​សងសឹក​នៅ​រសៀល​ថ្ងៃទី​២២​កក្កដា លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ ប៊ុន​ធី មិនមាន​សំណាងល្អ​ឡើយ ដោយ​លើក​នេះ​មិន​ត្រឹមតែ​ជម្រះបញ្ជី​មិនបាន​នោះទេ តែ​គេ​ជួប​បរាជ័យ​ទៀតផង​។​

​ស្ថានភាព​នៃ​ការប្រកួត​ហាក់ដូចជា​តឹងតែង​មែន​មែន តែ​ឱកាស​ភាគច្រើន ផា យ៉ាក​ឡេ​ក ជា​អ្នក​មានប្រៀប​។ ទីបំផុត​បន្ទាប់ពី​ប្រកួត​៥​ទឹក​ពេញ​នោះ ផា យ៉ាក​ឡេ​ក បាន​ទ​ទួ​ជ័យជំនះ​លើ ប៊ុន​ធី ដោយ​ពិន្ទុ​។ ក្នុងចំណោម​ចៅក្រម​ទាំង ៥​មាន​ចៅក្រម​៣​រូប ផ្ដល់​ពិន្ទុ​ឲ្យ ផា យ៉ាក​ឡេ​ក ជា​អ្នកឈ្នះ និង​២​រូប​ផ្ដល់​ពិន្ទុ​ឲ្យ ប៊ុន​ធី ឈ្នះ​។​

​ធា នុ​រាជ ក្លិប​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​ឯក (Phich Nam Ek) ដោយ​ពិន្ទុ​ដាច់​ក្នុង​ការប្រកួត ៥​ទឹក​នោះ​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ជួប​ប្រកួត​គ្នា​ដែល​ក្នុងនោះ​មានតែ​មួយ​លើក​ប៉ុណ្ណោះ ដែល​ពួកគេ​ប្រកួត​ស្មើគ្នា ឯ ២​លើក​គែ ធា នុ​រាជ ជា​អ្នកចាញ់​។​

+​អ្នកឈ្នះ​លើស​ង្វៀន TV5
​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​លើស​ង្វៀន​TV5 យប់​ថ្ងៃទី​២២​កក្កដា អ្នក​ប្រដាល់​ជើង​ថ្មី ភិន សុទី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់ ហ៊ឹម សារ៉ាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដាច់​តែម្ដង​។​

​សុទី ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដេ​ល​ចង់​បំបាក់​ខ្លា​ចាស់ ហ៊ឹម សារ៉ាន់ ដើម្បី​ស្វែងរក​ភាពល្បីល្បាញ តែ​ក្នុង​ការប្រកួត​៥​ទឹក សារ៉ាន់ មានប្រៀប​ទាំង ៥​ទឹក​។ ចៅក្រម​ទាំង​៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ សារ៉ាន់ ឈ្នះ​ដូចគ្នា​។​

​ជឹម សារ៉ាត់ ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ជើង​ថ្មី ផាត សូ​ដា ក្លិប​អេ​ភូ​ថង​ដោយ​ពិន្ទុ​។ ចំពោះ​ថា​ន រ៉ា​ឌី ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវ​អ្នក​ប្រដាល់ សង កង់ ក្លិប​អេ​ភូ​ថង​កីឡា ប្រើ​កណ្ដាប់ដៃ​វ៉ៃ​ឲ្យ​សន្លប់​មុន​ស្នុ​រ​ជួង​បញ្ចប់​ទឹក​ទី ១​។ នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ផ្ដួល​អ្នក​ប្រដាល់ សេង សាយ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។​

+​ធន មករា​ឈ្នះ​ជប៉ុន​ទឹក​២
​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍​យប់​ថ្ងៃទី​២២​កក្កដា អ្នក​ប្រដាល់​ជើង​ថ្មី​កម្ពុជា ថន មករា មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​ប្រើ​ជង្គង់​ផ្ដួល​អ្នក​ប្រដាល់​ជប៉ុន ឈុន តាក់ (Chhun Tak) ឲ្យ​សន្លប់​នៅ​ទឹក​ទី ២​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​ការប្រកួត​លើកដំបូង​របស់គេ ជួប​ជោគជ័យ​គួរ​ឲ្យ​សរសើរ​។​

​ចំពោះ ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​របស់​កម្ពុជា​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ គៀវ បា (Kiev Ba) ដោយ​ពិន្ទុ​។​

​ក្នុងការ​ប្រកួត ៥​ទឹក​នោះ សេរី ចាញ់​ប្រៀប គៀវ បា ទាំង ៥​ទឹកតែ​ម្ដង​។ ជាទូទៅ​គេ​សង្កេតឃើញថា សេរី ស្រុតចុះ​យ៉ាងខ្លាំង​ប្រមាន ២​ឆ្នាំ​ចុង​ក្រោយនេះ​។​

+​សេក គឹម​ផៃ លើក​ទង់ជ័យ​ស​ទឹក​ទី​៤
​ជំនួប​រវាង​អ្នក​ប្រដាល់​អាណាចក្រ​អង្គរ សេក គឹម​ផៃ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​របស់​អាស៊ីអាគ្នេយ៍ ព្រឹក​ថ្ងៃទី​២៣​កក្កដា គឹម ផៃ បង្ខំចិត្ត​លើក​ទង់ជ័យ​ស ចុះចាញ់​គូប្រកួត​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤​។​

​នៅ​ទឹក​ទី​៣ កែង​របស់ អា​រ៉ាំ ប៊​យ បានធ្វើ​ឲ្យ​គឹម​ផៃ​មាន​របួស​នៅក្រោម​ភ្នែក​ស្ដាំ​។ មកដល់​ទឹក​ទី​៤ ដោយ​ដឹងខ្លួន​ថា​មិនអាច​តស៊ូ​បាន​ទៀត​នោះ សេក គឹម​ផៃ បាន​សុំ​ចុះចាញ់​តែម្ដង​៕ ដោយ៖ រ៉ូហ្សា

ទីតាំងផ្សាយពាណិជ្ជកម្ម