ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ(Dmitry Medvedev)កាលពីថ្ងៃសៅរ៍បានព្រមានថា «អ៊ុយក្រែនទាំងមូលនឹងឆេះដោយសារតែការសន្យាផ្តល់គ្រឿងសព្វាវុធកាន់តែទំនើបៗឡើងពីលោកខាងលិចដល់កងកម្លាំងអ៊ុយក្រែន»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អាម៉េរិកប្រកាសផ្តល់ជំនួយមួយកញ្ចប់ធំតំលៃ២,២ពាន់លានដុល្លារដល់អ៊ុយក្រែនរួមមានគ្រាប់រ៉ុក្កែតដែលបង្កើនចម្ងាយវាយប្រហារពីរដងលើគ្រាប់រ៉ុក្កែតដែលខ្លួនបានផ្តល់អោយរដ្ឋាភិបាលទីក្រុងគៀវកាលពីមុន។
គ្រាប់បែកGLSDBដែលអាម៉េរិកសន្យាជួយនឹងអនុញ្ញាតយោធាអ៊ុយក្រែនវាយប្រហារគោលដៅនានាចម្ងាយពីរដងឆ្ងាយជាគ្រាប់រ៉ុក្កែតហាយម៉ាស(Himars)ដែលកងកម្លាំងអ៊ុយក្រែនកំពុងប្រើ។បញ្ហានៅត្រង់ថា តាមរយៈគ្រាប់បែកនេះអ៊ុយក្រែនអាចវាយប្រហារចូលជ្រៅក្នុងទឹកដីដែលរុស្ស៊ីកាន់កាប់ដូចជាតំបន់គ្រីម៉េ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាននិយមវិមានក្រឹមឡាំងRBC លោកម៉េដវ៉េដេវ បាននិយាយថា ការវាយប្រហារបន្ថែមណាមួយនឹងបង្ខំអោយរដ្ឋាភិបាលទីក្រុងមូស្គូឆ្លើយតប។
នៅពេលនិយាយអំពីលទ្ធភាពប្រើសព្វាវុធនុយក្លេអ៊ែរ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា «គ្មានការចរចាទេក្នុងករណីនេះ មានតែការវាយប្រហារសងសឹក។អ៊ុយក្រែននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងគៀវទាំងមូលនឹងឆេះ»។
«ចម្លើយតបរបស់យើងអាចជាអ្វីមួយ។ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ច្បាស់រួចមកហើយ។យើងមិនកំហិតព្រំដែនខ្លួនឯងទេហើយវាអាស្រ័យលើលក្ខណៈនៃការគំរាម។យើងត្រៀមប្រើគ្រប់សព្វាវុធទាំងអស់»។
ការព្រមានដ៏ព្រឺព្រួចនេះកើតឡើងមួយថ្ងៃគត់ក្រោយមានការវាយប្រហារលើឃ្លាំងប្រេងនិងរោងចក្រនៅក្នុងទឹកដីរុស្ស៊ីនៅគ្រីម៉េដែលរុស្ស៊ីចោទប្រកាន់ថា ជាស្នាដៃអ៊ុយក្រែន៕
ម៉េដវ៉េដេវ ព្រមានប្រើគ្រប់សព្វាវុធ អាស្រ័យលើលក្ខណៈនៃការគំរាមលើរុស្ស៊ី