ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការដោះដូរឈ្លើយសឹកជិត២០០នាក់កាលពីថ្ងៃសៅរ៍ ហើយសាកសពអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសពីរនាក់ក៏ត្រូវបានរុស្ស៊ីប្រគល់អោយអ៊ុយក្រែនផងដែរ។
នាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក អ៊ែនឌ្រីយ យើម៉ាក(Andriy Yermak)បាននិយាយថា ជនជាតិអ៊ុយក្រែន១១៦នាក់ត្រូវបានប្រគល់មកអោយភាគីអ៊ុយក្រែន នៅពេលបណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបាននិយាយថា ឈ្លើយសឹករុស្ស៊ី៦៣នាក់ត្រូវបានដោះលែង។
លោកយើម៉ាកបានសរសេរបង្ហោះក្នុងតេឡេក្រាមថា «យើងបានទទួលមនុស្សរបស់យើង១១៦នាក់ ជាយុទ្ធជននៅទីក្រុងម៉ារីយូប៉ូល (Mariupol)ទាហានមកពីក្រុងឃើសុន(Kherson)ពួកអ្នកលបពួនបាញ់មកពីក្រុងបាឃ្មុត(Bakhmut)និងវីរបុរសផ្សេងទៀតរបស់យើង»។
លោកក៏បាននិយាយថា សាកសពអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសពីរនាក់ គឺបុគ្គលិកជំនួយមនុស្សធម៌ អ៊ែនឌ្រូ បាកសរ(Andrew Bagshaw)និងគ្រីស ផារី(Chris Parry)ត្រូវបានបញ្ជូនមកអោយភាគីអ៊ុយក្រែនផងដែរ។
អ៊ែនឌ្រូ បាកសរនិងគ្រីស ផារី ត្រូវបានសម្លាប់ក្នុងពេលជួយជម្លៀសមនុស្សចេញពីខ្សែត្រៀមប្រយុទ្ធនៅតំបន់សូឡេដា(Soledar)នៅអ៊ុយក្រែនខាងកើតកាលពីខែមករា។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការដោះដូរឈ្លើយសឹកនេះធ្វើឡើងក្រោយមានការសម្របសម្រួលពីអារ៉ាប់រួមអេមីរ៉ាត៕
រូបវីដេអូបង្ហាញដោយក្រសួងការពារជាតិរុស្ស៊ីបង្ហាញឈ្លើយសឹករុស្ស៊ីនៅក្នុងរថយន្តក្រុងមួយ