ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រលត់
កិរិយាសព្ទ
វិនាសបាត់ពន្លឺ, បាត់កម្តៅ : ចង្កៀងរលត់, ភ្លើងរលត់ ។ ស្លាប់ : ខំរកស៊ីទៅ ទម្រាំតែរលត់ . . . ។ សូន្យ, បាត់, អស់, ស្លាប់ : រលត់កិលេស, រលត់កំហឹង, រលត់ខន្ធ ( ស្លាប់ ); ចិត្តរលត់; រលត់ចិត្ត ( ស្លាប់ ), រលត់ទុក្ខ, រលត់វិញ្ញាណ, រលត់ស្មារតី ។ ល ។
លក្ខ
(ល័ក-ខៈ)
នាមសព្ទ
( បា. ឬ សំ. ) កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង ។ សំខ្យា. ចំនួនសែន, មួយសែន( ១០០ ,០០០ ) ។ លក្ខមូល តម្លៃមួយសែន (ហៅ អនេកត្ថសំខ្យា ប្រើជា ន. ) ។
វត្ថុ
(វ័ត-ថុ)
នាមសព្ទ
(បា.; សំ. វស្តុ, សំ. ក្ល. ពស្តុ; ប្រើឃ្លាតក្លាយមកជា ភ័ស្តុ ) របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ ។ ល ។
ខ្ញុំមកដៃទទេ ឥតមានវត្ថុអ្វីផ្ញើអ្នកទេ ! ។ វត្ថុកាម សេចក្ដីប្រាថ្នាឬចំណង់ចំពោះត្រង់វត្ថុដែលនាំចិត្តឲ្យរីករាយ ។ វត្ថុទេវតា ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅ ឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស ។ វត្ថុនិយម ( –យំ ) ការកំណត់ធម្មតារបស់វត្ថុ; សេចក្ដីកំណត់តាមហេតុ ។ វត្ថុសម្បទា (–ស័ម-ប៉ៈ–) ការគ្រប់គ្រាន់ដោយគុណសម្បត្តិ ។ វត្ថុស្វាធ្យាយ ការរៀនទន្ទេញចំណាំឲ្យស្គាល់វត្ថុផ្សេងៗ ( ម. ព. ស្វាធ្យាយ ផង ) ។ ល ។
សករាជ
(ស័ក-ក្រាច)
នាមសព្ទ
(សំ. ឝក “កាល, សម័យ, យុគ;… “រាជន៑ ឬ រាជ “ស្ដេច” ) ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមុន**រៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ( ម. ព. ពុទ្ធសករាជ ផង ) ។ ពាក្យថា សករាជ ( ឬ ស័ក ) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ( ឝក ) ឬ សាលិវាហនៈ ( ឝាលិវាហន ) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក ( ឝក ) ឬ សករាជ ( ឝក– ), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ ( ព្រះកេតុមាលា ) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ ( ម. ព. ស័ក ផង ) ។
**ពាក្យ “មុន” ត្រូវបានកែសម្រួលពីពាក្យដើម “មួយ” ទើបសមស្របតាមបរិបទនេះ។
ហង្ស
(ហង់)
នាមសព្ទ
(សំ. បា.ហំស) ក្ងានព្រៃ ( បារ. Cygne ស៊ីញ )។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិច មាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់ គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឱ្យតែចង់ មើលហើយមើលទៀត ។មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិបោ “ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ។
មានចាស់ទុំខ្លះនិយាយតំណាលថា ក្នុងប្រទេសកម្ពុជាយើង សម័យពីដើម នៅខែត្រកំពង់សោម (ស្រុកកំពង់សោម ខែត្រកោះកុង សម័យបច្ចុប្បន្ន) មានហ្វូងហង្ស ហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភា្ជប់ពីខាងដើមសព្ទដទៃ អ.ថ. ហង់-សៈ ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។ ហង្សគាមិនី ស្ត្រីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។ហង្សនាទ សម្រែកហង្ស ។ ហង្សពាហៈ,—ពាហនៈ ឬ —រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។ ហង្សមាលា ហ្វូងហង្ស( ប្រើជា ហង្សនិករ ក៏បាន )។ ហង្សរាជ ស្ដេចហង្ស ឬ ហង្សជាស្ដេចនៃបក្សី( រាជហង្ស )។ ហង្សសេត ឬ ហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ ល ។