ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កម្ពោជ
(ក័ម-ពោជៈ ឫ ក័ម-ពោច)
នាមសព្ទ
(សំ. បា.) ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប ( ឥណ្ឌា សម័យបច្ចុប្បន្ន ) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារ:, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឫ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប ( ឥណ្ឌា ), លុះចំណេរកាលតៗមក ដរាបដល់សម័យបច្ចុប្បន្ន ក៏កា្លយជាឈ្មោះផ្សេងៗទៅវិញ ដោយច្រើន, រដ្ឋខ្លះក៏នៅជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដ ក្នុងគម្ពីរព្រះពុទ្ធសាសនា រាល់តែគម្ពីរសាស្ត្រារបស់ខ្មែរយើង ។
មនោ
(មៈ–)
នាមសព្ទ
( បា. < មន; សំ. < មនស៑ ) ចិត្ត ។ មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង; ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលហេតុឲ្យឃើញជាផ្នូល ។ មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។ មនោមនះ ( ម្នោម្នះ) មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង
មនុស្សមនោមនះ គឺមនុស្សរឹងត្អឹង, មនុស្សរនិងរនាំង (ព. កា. សរសេរជា ម្នោម្នះ ក៏បាន)។
មនោម័យ ( មៈនោមៃ ) ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត” ជាពាក្យហៅសេះដែលលឿនឆាប់ទាន់ចិត្ត
សេះមនោម័យ, សេះសិន្ធពមនោម័យ ។
មនោមយិទ្ធិ ( –មៈយិត-ធិ ) ឫទ្ធិដែលសម្រេចដោយចិត្ត ។ ម្នោម្នេញ ម្នេញក្នុងចិត្ត ( ព. កា. សរសេរជា ម្នោម្នេញ ក៏បាន ) ។ មនោរថ ( មៈនោរត់ ) បំណង
សមមនោរថ, បានសម្រេចតាមមនោរថ ។
មនោរម ( មៈនោរំ ) ដែលជាទីរីករាយចិត្ត, ដែលគួរឲ្យសប្បាយក្នុងចិត្ត
ទីឋានមនោរម, ព្រៃមនោរម ( សរសេរជា មនោរម្យ ក៏បាន ) ។
មនោវិញ្ញាណ វិញ្ញាណដែលកើតក្នុងមនោទ្វារ (សេចក្ដីដឹងដែលកើតមានចំពោះ ផ្លូវចិត្តសុទ្ធ មិនមែនកើតអំពីទ្វារទាំង ៥ គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ ) ។ មនោសញ្ចេតនា ( –ស័ញ-ចេតៈន៉ា ) សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា,… ។ មនោហរ ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឲ្យស្រឡាញ់ មិនភ្លេចកែវមនោហរ ។ ល ។
ឃាត់
កិរិយាសព្ទ
(សំ. បា. ឃដ,ឃាត “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត,ធ្វើ, ខំប្រឹង…”) ហាម; ទប់; រារាំង
ឃាត់ក្មេងកុំឲ្យឈ្លោះគ្នា, ឃាត់គ្រឿងចក្រឲ្យឈប់ ។ ឃាត់កំហឹង គឺទប់កំហឹង; ឃាត់ចំណង់ គឺទប់ចំណង់ ។ ( ម. ព. ឃាត ទៀតផង ) ។
ចង
កិរិយាសព្ទ
កួចភ្ជាប់គ្នា, ព័ន្ធព័ទ្ធមុខគ្នា, ធ្វើឲ្យជាចំណង
ចងខ្សែ, ចងក្រៀក, ចងខ្សែដៃ ។ ចងកំហឹង ឬ ចងក្រោធ គឺកួចកាន់ផ្ងំកំហឹងទុក មិនស្រាយ មិនរំលត់ ។ ចងគំនុំ គឺចងចិត្តគុំបម្រុងនឹងធ្វើព្យាបាទ ។ ចងចិត្ត គឺតាំងចិត្តកួចកាន់មិនលែង ។ ចងដៃ គឺយកអំបោះមង្គលចងដៃបញ្ជាប់ព្រលឹង; យកប្រាក់ ឬ ទ្រព្យរបស់ណាមួយប្រគល់ឲ្យក្នុងកាលដែលមានអាពាហ៍ពិពាហ៍ ឬ ក្នុងការមង្គលឯទៀតក៏ហៅ ចងដៃ ដែរ ។ ចងទោស គឺប្រកាន់ទោសមិនលែង ។ ចងពន្ធ ឬ ចងស្ពានមេត្រី គឺផ្សំផ្គុំកូនប្រុសស្រីឲ្យបានគ្នាជាប្ដីប្រពន្ធ ។ ចងពៀរ គឺកពៀរឲ្យមានជាប់ទៅក្នុងអនាគតកាល ឬ ក្នុងជាតិខាងមុខ ។ ចងមេត្រី គឺចងចិត្តរាប់អានគ្នាជាមិត្រសំឡាញ់ទុកជាញាតិជិត ។ល។
ចំណូរ
នាមសព្ទ
ការចូរ, ការដែលគូសឆូត; ស្នាមដែលគេចូរ. ទីដីឬកន្លែងដែលចូរ
ធ្វើចំណូរ; លុបចំណូរនេះចោលចេញ ។