ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រតិភូរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ភរិយាលោក តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
លោកអភិបាល និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី បានសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ លោក ឃួង ស្រេង ចាត់ទុកថា មរណភាពរបស់លោកស្រី ប៊ុន សុថា គឺជាការបាត់បង់ដ៏ធំធេង នូវភរិយា ម្តាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ប្រពៃមួយរូប ជាទីគោរពស្រឡាញ់ ចំពោះស្វាមី កូន ចៅគ្រប់ៗរូប។
សូមបញ្ជាក់ថា លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦ៈ១៣ នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សពលោកស្រី ត្រូវតម្កល់ទុកធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែទៅបញ្ចុះ នៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕/V-PC