ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ធផល មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស និងបញ្ចូលសមាជិកបក្សថ្មី របស់ខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីគណ:កម្មាធិការគណបក្សក្រសួង គណបក្សរាជធានីភ្នំពេញ គណបក្សខណ្ឌ សង្កាត់ និងសមាជិក សមាជិកា សរុបប្រមាណ ២៣០០ នាក់ ដែលរៀបចំធ្វើឡើង នៅអគារពិព័រណ៍កោះពេជ្រ។
តំណាងសមាជិក គណបក្សដែលទើបបានប្រកាស បញ្ចូលជាសមាជិកគណបក្សថ្មី បានឡើងប្តេជ្ញាចិត្ត ដោយសម្តែងនូវមនោសញ្ចេតនា រំភើបសប្បាយរីករាយ ដែលត្រូវបាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង ប្រកាសទទួលស្គាល់ ជាសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដោយលើកបញ្ជាក់ថា ដោយពិនិត្យ ឃើញគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ការផ្សះផ្សារបង្រួបបង្រួមជាតិ ធ្វើឱ្យសង្គមជាតិទាំងមូល បានសុខសន្តិភាពទូទាំងប្រទេស។
បន្ទាប់មក លោក ទៀវ ម៉ាក់តែល សមាជិកគណៈកម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអានសេចក្តីសង្ខេបរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្ត កម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ និងលោក ងុយ រិទ្ធ សមាជិកគណៈកម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានជំនួយស្មារតីសង្ខេប ខ្លឹមសារសំខាន់ៗនៃកម្មវិធី នយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់កសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានដាក់ចេញ កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ជូនអង្គពិធីបានជ្រាប។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតប្រធានក្រុមការងារ បានសម្តែងនូវការស្វាគមន៍ចំពោះ សមាជិកគណបក្សថ្មី ប្រមាណជិត ១ ៦០០ នាក់ទៀតរបស់គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានសម្រេចចិត្ត ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលនេះជាការសម្រេចដ៏ត្រឹមត្រូវរបស់ក្មួយៗ ព្រោះមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន នៅគ្រប់កាលៈទេសៈ ដូចអ្វីៗដែលយើងទាំងអស់គ្នា បានឃើញ និងបានបញ្ជាក់ជូន ក្នុងរបាយការណ៍លទ្ធផលរបស់ គណបក្សប្រជាជនកម្ពុជារួចហេីយ។
លោក អ៊ិត សំហេង បានគូសបញ្ជាក់ថាៈ ការរក្សាបានសមាជិកចាស់បូកបញ្ចូល ការកសាង សមាជិកបក្សថ្មីបន្ថែម គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំមួយ សម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ លើគ្រប់វិស័យ។
ខណៈនោះដែរ លោក អ៊ិត សំហេង ក៏បានមានប្រសាសន៍ លើកឡើងពីខ្លឹមសារសំខាន់ៗ នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្នុងស្មារតី សាមគ្គីភាព ឯកភាពខ្ពស់ផងដែរ។
ជាមួយគ្នានេះ លោក ក៏បានលើកឡើង អំពីប្រវត្តិ និងស្នាដៃរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្ស មានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញ នូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាងជាមួយ ប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេស មានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍ ដូចសព្វថ្ងៃ៕/V/R