ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្សប្រាំបួននាក់បានស្លាប់នៅក្នុងការរអិលបាក់ព្រិលនៅអូទ្រីសនិងអ៊ីតាលីកាលពីចុងសប្តាហ៍ដោយសារព្រិលធ្លាក់ខ្លាំងនិងថ្ងៃសម្រាកតាមសាលាបានទាក់ទាញអ្នកជិះស្គីចូលទៅក្នុងតំបន់ភ្នំអាល់។
ប៉ូលិសបាននិយាយថា ជនរងគ្រោះមួយចំនួនបានស្លាប់បន្ទាប់ពីជិះស្គីនៅតំបន់ដែលមិនមានសញ្ញាសម្គាល់ បើទោះបីជាមានការព្រមានអំពីហានិភ័យនៃការរអិលបាក់ព្រិលក៏ដោយ។
កាលពីថ្ងៃអាទិត្យ អ្នកបើកបររថយន្តកាយព្រិលម្នាក់នៅតំបន់ធីរ៉ូលខាងកើត (East Tirol) ក្នុងប្រទេសអូទ្រីសត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីត្រូវបានព្រិលអូសយកទៅ។ នៅទីក្រុងអេតស្តាល់ (Oetztal) អ្នកជិះស្គីជនជាតិចិនអាយុ ៣២ ឆ្នាំបានស្លាប់ ខណៈនៅទីក្រុងហ្សីលឡឺតាល់ (Zillertal) យុវជនអាយុ ១៧ ឆ្នាំមកពីនូវែលសេឡង់ត្រូវបានកប់ស្លាប់ក្រោមព្រិលហើយនៅទីក្រុងក្លេនវ៉ាល់សឺតាល់ (Kleinwalsertal) បុរសជនជាតិអាល្លឺម៉ង់អាយុ ៥៥ ឆ្នាំម្នាក់ ដែលបាត់ខ្លួនតាំងពីថ្ងៃសុក្រ ត្រូវបានរកឃើញស្លាប់។
ការបាក់ផ្ទាំងទឹកកកជាច្រើនត្រូវបានរាយការណ៍នៅក្នុងតំបន់ធីរ៉ូលនៃប្រទេសអូទ្រីសតែឯង ហើយអាជ្ញាធរបានកំណត់កម្រិតនៃការព្រមាននៅកម្រិត ៤ នៅលើមាត្រដ្ឋាន ៥និងបានជំរុញឱ្យមានការប្រុងប្រយ័ត្ន។
ទីភ្នាក់ងារសារព័ត៌មាន DPA រាយការណ៍ថា ស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៣១ឆ្នាំម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងតំបន់ធីរ៉ូលខាងត្បូងនៃប្រទេសអ៊ីតាលីនៅពេលដែលដុំព្រិលដ៏ធំបានធ្លាក់ចុះពីកម្ពស់ ២.២០០ ម៉ែត្រនៅជិតច្រកលីម៉ូ ប៉ាស(Limo Pass) ស្ថិតនៅប្រហែល ៨០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងបូលហ្សាណូ (Bolzano)។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារខ្យល់បក់ក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សាកសពរបស់នាងត្រូវបានរកឃើញនៅក្រោមព្រិលជម្រៅ ២,៥ ម៉ែត្រ។ ស្ត្រីម្នាក់ទៀតដែលជិះស្គីជាមួយនាងត្រូវបានរំដោះចេញពីព្រិលដោយមិនមានគ្រោះថ្នាក់។
ជនរងគ្រោះផ្សេងទៀតកាលពីថ្ងៃសៅរ៍រួមមានមគ្គុទ្ទេសក៍ស្គីអាយុ ២៩ ឆ្នាំនិងភ្ញៀវបុរសអាយុ ៣៣ ឆ្នាំរបស់គាត់ដែលកំពុងជិះស្គីឆ្ងាយពីកន្លែងជិះស្គីដែលបានរៀបចំ នៅពេលអ្នកជិះស្គីទឹកកកបានជិះស្គីពីលើផ្ទាំងទឹកកកដែលបាក់នៅភ្នំសេនអានតុន (St Anton) ក្នុងប្រទេសអូទ្រីស។ ហើយនៅទីក្រុងកូណឺតាល់ (Kaunertal) បុរសអាយុ ៦២ ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយការរអិលបាក់ព្រិលមួយទៀត៕
ជ្រលងមួយនៅទីក្រុងអេតស្តាល់ កន្លែងដែលអ្នកជិះស្គីចិនស្លាប់
ក្រៅពីអូទ្រីស និងអ៊ីតាលី ស្វីសក៏រងការវាយប្រហារពីព្យុះទឹកកកបាក់ផងដែរ