រៀល​ម៉ា​ឌ្រី​ដ​សម្រេច​ផ្ទេរ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ទៅ​ក្លឹប Juventus ក្នុងតម្លៃ​១០៥​លាន​ផោន​

995
ចែករម្លែក

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​សម្រេចចិត្ត​លក់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ទៅ​ឲ្យ​ក្លឹប Juventus ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​១០៥​លាន​ផោន​។​
​ ​
​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជា មួយ​ក្លឹប​ជើងឯក​អ៊ីតាលី​។ រ៉ូ​ណា​ល់​ដូ នឹងចូលរួម​ជាមួយ​ពួកគេ​ក្នុង​កិច្ចសន្យា​លេងបួន​ឆ្នាំ ដែល​អាច​រកចំណូលបាន​៣០​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល​។​
​ ​
កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​មកកាន់​អ៊ីតាលី​នឹង​បញ្ចប់​រយៈពេល​៩​រដូវ​កាល​របស់ខ្លួន​នៅ​អេ​ស្ប៉ា​ញ ទី​ដែល​កីឡាករ​រូបនេះ​រកបាន​៤៥១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៣៨​លើក​។​

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​បានចេញ​សេចក្តីថ្លែងការណ៍​តាម​គេហទំព័រ​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គា​រថា “​ជាការ​ឆ្លើយតប​នឹង​ឆ​ន្ទះ​និង​សំណើ​របស់​កីឡាករ ក្លឹប​បាន​យល់​ព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ ទៅ​ក្លឹប Juventus FC ។ ថ្ងៃនេះ ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ចង់​សម្តែង​ការដឹងគុណ​ដល់​កីឡាករ​ដែល​បាន បង្ហាញ​ភាព​អស្ចារ្យ​ក្នុង​ពិភពលោក និង​ជា​អ្នក​ដែល​បាន​បង្កើត​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ របស់​ក្លឹប និង​វិស័យ​បាល់ទាត់​ពិភពលោក​”​។​
​ ​
​សេចក្តីថ្លែងការណ៍​នេះ​បន្តថា “​ក្រៅពី​លើក​ពាន​ជើងឯក ពាន​ផ្សេងៗ​ដែល​ទទួលបាន​ក្នុង​វិស័យ បាល់ទាត់​៩​ឆ្នាំ​មកនេះ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បានក្លាយ​ជា​ឧ​ទារ​ហណ៍​នៃ​ការលះបង់ ការងារ ការទទួលខុសត្រូវ ទេពកោសល្យ​និង​ការអភិវឌ្ឍ​”​។​
​ ​
​រ៉ូ​ណា​ល់​ដូ បាន​សរសេរ​សំបុត្រ​ផ្ទើ​ទៅ​អ្នកគាំទ្រ​ថា “​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៅ​ជាមួយ​រៀល​ម៉ា​ឌ្រី​ដ និង​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​បំផុត​ក្នុង​ឆាកជីវិត​។ ខ្ញុំ​ពិតជា​ដឹងគុណ ចំពោះ​ក្លឹប និង​ទីក្រុង​នេះ​។ ខ្ញុំ​អរគុណ​ចំពោះ​ក្តី​ស្រឡាញ់​ដែល​ពួកគេ​ផ្តល់​ឲ្យ​ខ្ញុំ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)

ទីតាំងផ្សាយពាណិជ្ជកម្ម