ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទាហានថែរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារមួយលើឧទ្ធម្ភាគចក្ររបស់គេនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអាទិត្យ។
ឧទ្ធម្ភាគចក្របានស្ថិតក្រោមការវាយប្រហារនៅម៉ោងប្រមាណបីរសៀលក្នុងពេលហោះទៅកាន់ក្រុងហ្គោម៉ា(Goma)នៃខេត្តណត-គីវូ(Nord-Kivu)។គេនៅមិនទាន់ដឹងប្រភពនិងទីតាំងជាក់លាក់់នៃការបាញ់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
ទាហានរងគ្រោះជាសមាជិកកងទាហានថែរក្សាសន្តិភាពទៅពីអាហ្វ្រិកខាងត្បូង។
យោធាអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ឧទ្ធម្ភាគចក្រមួយបានរងការបាញ់ប្រហារនៅហ្គោម៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃ៥កុម្ភៈ។សមាជិកបើកបរម្នាក់បានត្រូវគ្រាប់ស្លាប់ និងម្នាក់ទៀតរងរបួសតែនៅអាចបើកនិងចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានក្រុងហ្គោម៉ា»។
ប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកុងហ្គោ(MONUSCO)បានថ្កោលទោសការវាយប្រហារដ៏កំសាកលើឧទ្ធម្ភាគចក្រដែលមានសញ្ញាសំគាល់អង្គការសហប្រជាជាតិ ហើយ«ការវាយប្រហារលើទាហានថែរក្សាសន្តិភាពជាបទឧក្រិដ្ឋសង្គ្រាមមួយ»។
ក្នុងពេលជាមួយគ្នា អគ្គលេខាងអង្គការសហប្រជាជាតិបានអំពាវនាវអោយអាជ្ញាធរកុងហ្គោបើកការស៊ើបអង្កេតចំពោះវាយប្រហារនេះ និងនាំជនដៃដល់មកប្រឈមមុខច្បាប់ជាបន្ទាន់។
រំលឹកថា កាលពីថ្ងៃ២៩មីនា ឆ្នាំ២០២២ ទាហានថែរក្សាសន្តិភាពប្រាំបីនាក់ ត្រូវបានសម្លាប់នៅពេលឧទ្ធម្ភាគចក្ររបស់គេធ្លាក់នៅតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកុងហ្គោនិងពួកឧទ្ទាម M23។
សូមបញ្ជាក់ថា ឧទ្ទាមកម្មបានកើតមានពាសពេញកុងហ្គោខាងកើតដ៏សំបូរធនធានរ៉ែអស់ពេលរាប់ទសវត្សរ៍មកហើយ ភាគច្រើនជាកេរដំណែលនៃសង្គ្រាមស៊ីវិលក្នុងតំបន់ ដែលបានកញ្ជ្រោលឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០និងដើមទសវត្សរ៍ឆ្នាំ២០០០។ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២១មក ក្រុមឧទ្ទាមM23បានដណ្តើមកាន់កាប់ទឹកដីមួយភាគធំនិងរុលចូលទៅមុខដោយនៅសល់តែប៉ុន្មានគីឡូម៉ែត្រទៀតទៅដល់មជ្ឈមណ្ឌលពាណិជ្ជកម្មហ្គោម៉ា៕
ឧទ្ធម្ភាគចក្រOryx របស់អង្គការសហប្រជាជាតិរងការវាយប្រហារនៅក្រុងហ្គោម៉ា