ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មន្ត្រីសុខាភិបាលស៊ីរីម្នាក់និយាយថា ចំនួនមនុស្សស្លាប់ពីរញ្ជួយដីនៅស៊ីរីបាកើនដល់៦២នាក់ នៅពេលសេចក្តីរាយការណ៍បាននិយាយថាមនុស្ស៣៨នាក់ស្លាប់ដោយរញ្ជួយដីដដែលនេះនៅតួកគី។
អនុរដ្ឋមន្ត្រីសុខាភិបាលស៊ីរីបាននិយាយថាមនុស្ស៤២នាក់បានស្លាប់ពីរញ្ជួយដីនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទនិងយ៉ាងហោចណាស់២០នាក់ទៀតស្លាប់នៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាម ដែលនាំអោយជនរងគ្រោះដល់ជីវិតនៅតំបន់ទាំងពីរក្នុងប្រទេសស៊ីរីឡើងដល់៦២នាក់។
លោកអនុរដ្ឋមន្ត្រី អាម៉ាដ ឌូមេរ៉ា (Ahmad Dumeira)បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា មនុស្សជាង២០០នាក់ទៀតរងរបួសនៅក្នុងខេត្ត អាឡេបប៉ូ(Aleppo)ហាម៉ា(Hama)និងឡាតាគៀ(Latakia)។
រដ្ឋាភិបាលក្នុងខេត្តម៉ាឡាតយ៉ា(Malatya)នៅតួកគីក្នុងពេលជាមួយគ្នាបានរាយការណ៍មនុស្សស្លាប់២៣នាក់ពីរញ្ជួយដី នាំអោយការស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិនេះនៅតួកគីឡើងដល់៣៨នាក់។
សូមបញ្ជាក់ថារញ្ជួយដីកំលាំង៧,៨រិច្ឆទ័រមួយបានវាយប្រហារតួកគីនិងស៊ីរីកាលពីដើមថ្ងៃចន្ទទី៦កុម្ភៈ ដោយរំលំអាគារនិងបញ្ជូនពួកអ្នកស្រុកអោយរត់ចេញពីផ្ទះនិងអាគារនានាក្នុងការភិតភ័យតក្កមាទាំងយប់ត្រជាក់ស្រេង។
អាគាររលំបាក់នៅក្រុងប៉ាហ្សាស៊ីក( Pazarcik)ក្នុងប្រទេសតួកគីកាលពីថ្ងៃចន្ទ។រញ្ជួយដីដ៏ខ្លាំងកាលពីដើមថ្ងៃចន្ទបង្កការខូចខាតជាច្រើនកន្លែងនៅតួកគីនិងស៊ីរី
រញ្ជួយដីនេះអាចអោយគេដឹកដល់ទីក្រុងគែរ ប្រទេសអេហ្ស៊ីបនិងមានស្នូលរញ្ជួយនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីព្រំដែនស៊ីរី។ក្រោយរញ្ជួយធំ៧,៨រិច្ឆទ័រ មានរញ្ជួយតូចៗជាងចំនួនប្រាំមួយតាមពីក្រោយទៀត។រញ្ជួយតូចតាមក្រោយមួយមានកំលាំង៦,៧រិច្ឆទ័របានរញ្ជួយអស់ប្រមាណដប់នាទី។
នៅថ្ងៃចន្ទនេះប្រធានាធិបតីតួកគីបាននិយាយថា ក្រុមស្វែងរកនិងជួយសង្គ្រោះត្រូវបានបញ្ជូនភ្លាមទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដី។
ផ្នែកអង្កេតភូមិសាស្ត្រអាម៉េរិកបាននិយាយថា រញ្ជួយដីនេះមានស្នូលនៅចម្ងាយ៣៣គីឡូម៉ែត្រពីទីក្រុង ហ្កាហ្សៀនតេប(Gaziantep)និងនៅក្នុងជំរៅដី១៨គីឡូម៉ែត្រ។
តួកគីស្ថិតតាំងលើទម្រទ្វីបពីរជួបគ្នាដែលនាំអោយវាងាយរងរញ្ជួយដី។នៅឆ្នាំ១៩៩៩ រញ្ជួយដីខ្លាំងមួយបានសម្លាប់មនុស្សដល់ទៅជាង១៨.០០០នាក់នៅភាគពាយព្យប្រទេស៕
ជាង២០០នាក់រងរបួសដោយរញ្ជួយដីកាលពីថ្ងៃចន្ទនៅស៊ីរី