យុទ្ធនាការ​ឃោសនាបោះឆ្នោត​៥​ថ្ងៃ​ប្រព្រឹត្តទៅ​បានល្អ តែមាន​បណ្តឹង​ចំនួន​មួយ​ប្តឹង​គណបក្ស LDP

1066
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ទូទាំងប្រទេស រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង ដោយ​គ្រប់​គណបក្សនយោបាយ​បាន​គោរព​ក្រមសីលធម៌​បានល្អ​។

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងថា នៅក្នុង​ការឃោសនា​រប​ស់​គណបក្សនយោបាយរ​យៈ​ពេល​៥​ថ្ងៃ (​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១១ ខែកក្កដា​) គឺ​បាន​ប្រព្រឹត្តទៅ​ដោយមាន​របៀបរៀបរយ គ្មាន​ការគំរាមកំហែង គ្មាន​ការប៉ះទង្គិច​គ្នា​រវាង​គណបក្សនយោបាយ​នោះទេ​។ ដោយ​លោក​បាន​បញ្ជាក់ថា រយៈពេល​៥​ថ្ងៃ នៃ​ការឃោសនា គឺ​បាន​ប្រព្រឹត្តទៅ​ល្អប្រសើរ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា ចំពោះ​ពាក្យបណ្តឹង​មាន​មួយ​បណ្តឹង​នៅ​ខាង​ស្រុក​ឡា​បាន​សៀក ខេត្ត​រតនគីរី អាជ្ញាធរ​បាន​ប្តឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី ខេត្ត ពាក់ព័ន្ធ​ករណី​ចាក់​មេក្រូ​នៅ​ទីសាធារណៈ​ដោយ​មិនបាន​សុំច្បាប់​ទៅ​អាជ្ញាធរ​។​

​ចំណែក​លោក​លុន ឆេង​កៃ ប្រធាន​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា ដំណើរការ​ឃោសនាបោះឆ្នោត​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានី ខេត្ត បាន​ប្រជុំពិភាក្សា​យ៉ាង​លម្អិត​ជាមួយ​គណបក្សនយោបាយ គណៈ​បញ្ជ​ការឯកភាព និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ស្តីពី​វិធានការណ៍​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ គណបក្សនយោបាយ​បាន​គោរព​តម្រាយ​ផ្លូវ​ដែល​បាន​ជូនដំណឹង​មក​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី ខេត្ត និង​គោរព​ក្រមសីលធម៌​បានល្អ​។ គណបក្សនយោបាយ​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត អាជ្ញាធរ​ដែនដី និង​គណៈបញ្ជាការ​ឯកភាព​គ្រប់​កម្រិត​។​

​សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺមាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម