​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្មេងប្រុស​អាម៉េរិក​អាយុ ៩ ឆ្នាំ​ម្នាក់ ដែល​ចូលចិត្ត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ការសរសេរ​កម្មវិធី​បាន​ក្លាយជា​មនុស្ស​វ័យក្មេង​ជាង​គេ​នៅ​សហរដ្ឋ​អាម៉េរិក​​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​។​

​ដេវីដ បា​ឡូហ្គា​ន់ (David Balogun) បាន​បញ្ចប់​ការសិក្សា​ពី​សាលា Reach Cyber Charter បន្ទាប់​ពី​ចូលរៀន​ពី​ចម្ងាយ​ពី​ផ្ទះ​របស់​គេ​នៅ​សង្កាត់​បិ​ន​សាឡិម (Bensalem)​នៅ​ជាយ​​ក្រុង​ហ្វីឡា​ដែល​ហ្វៀ (Philadelphia)​។ រូប​គេ​នឹង​ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ជា​ផ្លូវការ​នៅ​ខែ​មិថុនា​។​

​ក្មេង​នេះ​បាន​ប្រាប់​ប៉ុស្តិ៍​ព័ត៌មាន Fox43​ថា “​ខ្ញុំ​បាន​ដឹងថា​ខ្ញុំ (​អាច​) បញ្ចប់​ការសិក្សា​នៅ​អាយុ​ដប់​ឬ​ប្រាំបួន​ឆ្នាំ ដរាបណា​ខ្ញុំ​ខិតខំ​ប្រឹងប្រែង ហើយ​ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​ម៉ាក់​ប៉ា​របស់ខ្ញុំ និង​ជា​ពិសេស​សាលា Reach Cyber Charter ទើប​ខ្ញុំ​អាច​បញ្ចប់​ការសិក្សា​បាន​”​។​

​ក្មេងប្រុស ដែល​ចូលចិត្ត​រៀនសូត្រ​និង​លេង​កីឡា​ដូចជា​កា​រ៉ាតេ​និង​កីឡា​បេ​ស្ប​ល ក៏ដូចជា​ការលេង​ព្យា​ណូ បាន​រៀបចំ​ផែនការ​អនាគត​របស់​គេ​រួច​ទៅ​ហើយ​។​

​រូបគេ​បាន​និយាយថា “​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​រូប​វិទូ ហើយ​ខ្ញុំ​ចង់​សិក្សា​អំពី​ប្រហោង​ខ្មៅ និង ផ្កាយ​ដែល​ភ្លឺ​បំផុត​”​។​

​ឪពុក​ម្តាយ​របស់​គេ​មាន​សញ្ញាបត្រ​កម្រិត​ខ្ពស់​ដូចគ្នា ប៉ុន្តែ​ពួកគេ​បាន​ទទួលស្គាល់ថា វា​អាច​ជា​បញ្ហា​ប្រឈម​ក្នុង​ការចិញ្ចឹម​កូនប្រុស ដែល​មាន​បញ្ញា​ឆ្លាត​វៃ​មិនធម្មតា​រូបនេះ​។​

​លោកស្រី រ៉ុន​យ៉ា បា​ឡូហ្គា​ន់ (Ronya Balogun)​ម្តាយ​របស់​ដេវីដ បាន​និយាយថា “​រូបគេ​ជា​ក្មេង​អាយុ ៩ ឆ្នាំ​ដែល​មាន​ខួរក្បាល​មាន​សមត្ថភាព​យល់​អំពី​គោល​គំនិត​ជាច្រើន​ដែល​ហួស​ពី​អាយុ​របស់គេ ហើយ​ជួនកាល​ហួស​ពី​ការយល់ដឹង​របស់​ខ្ញុំ​ទៅទៀត​”​។​

​ឪពុក​របស់​គេ​គឺ​លោក ហិន​រី បា​ឡូហ្គា​ន់ (Henry Balogun) បាន​និយាយថា កូនប្រុស​របស់​គាត់​តែងតែ​ចង់ដឹង​ចង់ឃើញ​។​

​លោក​បា​ឡូហ្គា​ន់​បានប្រាប់ Fox43 ថា “​រូប​គេ​តែង​ចង់​ដឹង​ចង់​ដឹង​ចង់​ឃើញ​យ៉ាង​ខ្លាំង​អំពី​រឿងរ៉ាវ​នានា ហើយ​រឿង​នេះ​បាន​ជួយ​តម្រង់​ទិស​ដល់​គេ​”៕

​ដេវីដ បា​ឡូហ្គា​ន់ ចង់​ក្លាយ​ជា​តារា​រូប​វិទូ​ទៅ​ថ្ងៃ​អនាគត​