ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកវិទ្យាសាស្ត្រចិនបានក្លូន “កំពូលគោ” បីក្បាល ដែលអាចផលិតទឹកដោះគោបាន ១៨.០០០ លីត្រក្នុងមួយឆ្នាំ និងជាង ១០០.០០០ លីត្រក្នុងមួយជីវិតរបស់វា ។វាជាជំហានដ៏អស្ចារ្យមួយដែលអាចជួយកាត់បន្ថយការពឹងផ្អែករបស់ចិនលើគោផលិតទឹកដោះដែលនាំចូល។
ទឹកដោះគោដែលផលិតឡើងពីគោបែបនេះគឺមិនខុសពីអ្វីដែលផលិតដោយគោដើមរបស់គោក្លូននោះទេ នេះបើយោងតាមអ្នកជំនាញដែលចូលរួមក្នុងការពិសោធនេះ។ អ្នកជំនាញនោះបានបន្ថែមថា នៅពេលណាដែលកូនគោក្លូនឈានដល់អាយុពីរឆ្នាំ ពួកវាអាចចាប់ផ្តើមផលិតទឹកដោះគោសម្រាប់ទីផ្សារបានហើយ។
ដើម្បីក្លូនគោនេះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនិងព្រៃឈើ និងបច្ចេកវិជ្ជាពាយព្យបានយកកោសិកាសូមេទិក (Somatic)ពីត្រចៀកគោហូឡង់ពូជ Holstein Frisian ដែលមានផលិតភាពខ្ពស់ ហើយដាក់វានៅក្នុងគោពពោះជំនួស នេះបើយោងតាមការចេញផ្សាយពីវេបសាយរបស់សាកលវិទ្យាល័យ។
បច្ចេកទេស ដែលគេស្គាល់ថា ការផ្ទេរនុយក្លេអ៊ែរកោសិកាសូមេទិក ត្រូវបានប្រើដូចគ្នាដើម្បីបង្កើតចៀមឈ្មោះដូលលី (Dolly)ក្នុងឆ្នាំ ១៩៩៦ ដែលជាថនិកសត្វក្លូនដំបូងគេរបស់ពិភពលោក។
កូនគោទាំងបីនេះបានកើតនៅទីក្រុងលីងវូ (Lingwu) ក្នុងតំបន់ស្វយ័តនីងសៀហ៊ុយ (Ningxia Hui)។ កូនគោដំបូងកើតនៅថ្ងៃទី៣០ ខែធ្នូ តាមរយៈការវះកាត់។ វាមានទម្ងន់ ៥៦,៧ គីឡូក្រាម ហើយមានរាងនិងលំនាំដូចគ្នាទៅនឹងគោដែលវាត្រូវបានក្លូន។
បន្ទាប់ពីពេញវ័យ គោក្លូននេះរំពឹងផលិតទឹកដោះបាន ១៨.០០០ លីត្រក្នុងមួយឆ្នាំ។ យោងតាមទិន្នន័យពីក្រសួងកសិកម្មអាម៉េរិកបានឱ្យដឹងថា បើធ្វើការប្រៀបធៀប គោជាមធ្យមនៅសហរដ្ឋអាម៉េរិកផលិតទឹកដោះបានប្រហែល ១២.០០០ លីត្រក្នុងមួយឆ្នាំ។
លោក ជីន យ៉ាភីង (Jin Yaping) ជាអ្នកវិទ្យាសាស្ត្រឈានមុខនៃគម្រោងនេះ បាននិយាយថា ការក្លូន “កំពូលគោ” នឹងអនុញ្ញាតឱ្យចិនរក្សាពូជគោផលិតទឹកដោះល្អបំផុតរបស់ខ្លួន និងចៀសវាងហានិភ័យជីវសុវត្ថិភាពដែលបង្ហាញដោយការនាំចូលគោរស់ពីប្រទេសផ្សេងៗ។ បច្ចុប្បន្ន ចិនបាននាំចូលគោផលិតទឹកដោះប្រមាណ ៧០ ភាគរយ៕
គោក្លូនរំពឹងផលិតទឹកដោះបាន ១៨.០០០ លីត្រក្នុងមួយឆ្នាំ