ដោយ:សុខុម/ស្ទឹងត្រែង: សមត្ថកិច្ចចំរុះដឹកនាំដោយលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងស្ថាប័នអយ្យការមន្ត្រីរដ្ឋបាលព្រៃឈើបានចុះឡោមព័ទ្ធទីតាំងរោងម៉ាស៊ីនអាច្រៀកកែច្នៃឈើសិប្បកម្មដែលសង្ស័យថាអត់ច្បាប់ជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែងនៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៣។
ប្រតិបត្តិការនោះសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាសិប្បកម្មដែលទទួលទិញស្តុកឈើពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញនិងត្រូវដកហូតយកទាំងឈើនិងម៉ាស៊ីនអាជ្រៀក។កន្លងមកម្ចាស់សិប្បកម្មបានប្រមូលទិញឈើអាណាធិបតេយ្យភាគច្រើនតាមម៉ូតូនិងរថយន្តដោយលួចលាក់ដឹកចូលក្នុងសិប្បកម្មនៅពេលយប់មកពីប្រភពខុសច្បាប់។
នៅពេលចុះបង្ក្រាបនោះសមត្ថកិច្ចរកឃើញឈើភាគច្រើនគឺជាឈើប្រណិតដែលសម្រាប់កែច្នៃទៅជាគ្រឿងសង្ហារឹមមានលាក់នៅតាមផ្ទះក្នុងបន្ទប់ទឹកជាដើមសម្រាប់កែច្នៃទៅជាពាក់កណ្ដាលសម្រេចរួចដឹកតាមរថយន្តទៅលក់នៅទីផ្សារគោលដៅ។ឈើប្រណិតមួយផ្នែកខ្លះត្រូវបានឈ្មួញលួចដឹកតាមរថយន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកស្រុកស្នួលខេត្តក្រចេះ។
ករណីចុះបង្ក្រាបសិប្បកម្មក្នុងក្រុងស្ទឹងត្រែងខាងលើនេះ។ម្ចាស់អាជីវកម្មមួយចំនួនត្រូវបានហៅទៅសាកសួរដើម្បីបន្តនីតិវិធីតែគេនៅមិនទាន់ដឹងថានឹងមានការឃាត់ខ្លួនឬពិន័យយ៉ាងណានៅឡើយទេជុំវិញការចុះបង្ក្រាបនេះ។
សូមបញ្ជាក់ថាទីតាំងសិប្បកម្មជាច្រើនកន្លែងដែលសមត្ថកិច្ចចុះឡោមព័ទ្ធនិងបង្ក្រាបក្នុងក្រុងស្ទឹងត្រែងនេះម្ចាស់អាជីវកម្មមួយចំនួនក៏ធ្លាប់មានកិច្ចសន្យានៅចំពោះមុខច្បាប់រួចមកហើយ ប៉ុន្តែក្រោយមកនៅតែបន្តបើកអាជីវកម្មអាណាធិបតេយ្យដដែលហាក់មិនខ្លាចច្បាប់ឡើយ៕.mara