ដោយ / សម្បត្តិ/ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធដែលផ្សំគំនិតគ្នា សម្លាប់បុរសម្នាក់ កាលជាង១ខែមុននៅខណ្ឌដង្កោ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវ ក្រោមការសហការជាមួយនគរបាលខណ្ឌដង្កោ រហូតឃាត់ខ្លួនបាននាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងសំណង់ ជាប្ដី និងស្ត្រីសង្ស័យមានឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ។
មន្ត្រីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែ ការប្រច័ន្ទ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។
គួរបញ្ជាក់ផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឲ្យដាច់ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕.mara