ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្ត្រីដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកបានលាតត្រដាងអំពីជីវិតពិតរបស់នាង រាប់ចាប់ពីការទិញខោអាវដើម្បីស្លៀកពាក់រហូតដល់ការកក់កៅអីចំនួន ៦ នៅលើជើងហោះហើរ និងស្ថានភាពជំងឺហ្សែនដ៏កម្រនៅពីក្រោយកម្ពស់ដ៏ខ្ពស់របស់នាង។
ដោយវាស់ឃើញកម្ពស់ ២,១៥ ម៉ែត្រ នាង រូមេសា ជែលជី (Rumeysa Gelgi) កើតនៅប្រទេសតួកគី បានទទួលកំណត់ត្រាពិភពលោកហ្គីនណេសឆ្នាំ ២០២៣សម្រាប់ស្ត្រីដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែនិយាយថាជីវិតរបស់នាងមិនមែនជា “ដំណើរងាយស្រួល” នោះទេ។
និយាយជាមួយវេបសាយ 7Life នារីអាយុ ២៦ ឆ្នាំរូបនេះបានប្រាប់ពីរបៀបដែលនាងត្រូវការគ្រឿងសង្ហារឹមដែលផលិតតាមការបញ្ជា ការធ្វើដំណើរតាមរថយន្តគឺ “មិនអាចទៅរួច”និងរបៀបដែលនាងសម្រេចបាននូវក្តីសុបិនរបស់នាងក្នុងការផ្លាស់ទៅសហរដ្ឋអាម៉េរិកដោយការកក់កៅអីទាំងស្រុងដើម្បីហោះនៅទីនោះ។
នៅអាយុត្រឹមតែ ៤ ខែ នាងរូមេសាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺ Weaver Syndrome ជាជំងឺហ្សែនដែលបណ្តាលឱ្យមានការលូតលាស់ឆ្អឹងលឿន ហើយប៉ះពាល់ដល់មនុស្សតែ ៥០នាក់ប៉ុណ្ណោះនៅទូទាំងពិភពលោក។
នៅពេលនាងមានអាយុ ៦ ឆ្នាំ នាងមានកម្ពស់ ១,៧៦ ម៉ែត្រ ដោយប្រាប់កាសែត The Guardian ថា នាងមានអារម្មណ៍ដូចជា “កូនក្មេងជាប់នៅក្នុងដងខ្លួនរបស់មនុស្សពេញវ័យ”។
គ្រូពេទ្យបានដាក់ថ្នាំឱ្យនាងឆាប់ពេញវ័យតាមដែលអាចធ្វើទៅបាន ដូច្នេះទើបនាងនឹងឈានដល់កម្ពស់ចុងក្រោយរបស់នាងឱ្យលឿន ដោយសារពួកគេមិនដឹងថានាងនឹងកើនកម្ពស់ប៉ុន្មាននោះទេ។
បើគ្មានថ្នាំពេទ្យទេ នាងរូមេសានិយាយថា នាងអាចមានកម្ពស់ខ្ពស់ជាងនេះ។
ពេញមួយជីវិតរបស់នាង នាងបានតស៊ូជាមួយនឹងបញ្ហាសុខភាពជាច្រើន រាប់តាំងពីបញ្ហាបេះដូងរហូតដល់ការកោងខ្នង ដែលឃើញនាងត្រូវគ្រូពេទ្យចាប់ដែកនិងវីសចូលទៅក្នុងឆ្អឹងខ្នងរបស់នាង ដើម្បីបន្ធូរបន្ថយសម្ពាធលើខ្នងរបស់នាង។
ដោយសារតែស្ថានភាពរាងកាយដ៏ពិសេសរបស់នាង នាងរូមេសាត្រូវរៀនសូត្រនៅក្នុងផ្ទះនិងចេញចូលមន្ទីរពេទ្យជាញឹកញាប់។
នាងនិយាយថា “វាមិនមែនជាដំណើរងាយស្រួលនោះទេ។ ខ្ញុំគ្មានមិត្តភក្តិទេ ព្រោះខ្ញុំខុសពីក្មេងដែលមានអាយុស្របាលខ្ញុំ ប៉ុន្តែខ្ញុំនៅតែអាចតស៊ូបាន” ដោយបន្ថែមថា ឪពុកម្តាយរបស់នាងគឺជា “អ្នកគាំទ្រដ៏ធំបំផុត” របស់នាង ហើយថានាងមាន “គ្រូដ៏អស្ចារ្យ”។
ពណ៌នាខ្លួនឯងជា “មនុស្សមានមហិច្ឆតា” នៅអាយុ ១៧ ឆ្នាំ នាងបានកត់សម្គាល់ឃើញថា ម្ចាស់ឯតទគ្គកម្មសម្រាប់ក្មេងជំទង់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកគឺទាបជាងនាង ដូច្នេះនាងបានដាក់ពាក្យដណ្តើមតំណែងនេះហើយក៏ឈ្នះ។
ក្នុងឆ្នាំ ២០២១ នាងរូមេសាបានជាប់ឈ្មោះជាស្ត្រីខ្ពស់ជាងគេបំផុតក្នុងពិភពលោក ហើយកាលពីឆ្នាំមុននាងទទួលបានពានរង្វាន់សម្រាប់ដៃធំបំផុត ម្រាមដៃវែងបំផុត ដែលតែងតែមានពណ៌ស្រស់ស្អាត និងខ្នងវែងបំផុត។
ការធ្វើដំណើរតាមរថយន្តគឺមិនអាចទៅរួចទេសម្រាប់នាងរូមេសា ដែលតែងត្រូវបានដឹកតាមឡានទំនិញ ហើយគ្រែ កៅអី និងតុត្រូវបង្កើតឡើងយ៉ាងពិសេសដើម្បីសម្របតាមកម្ពស់របស់នាង។
នាងទិញឈុតនានាដើម្បីកាត់ធ្វើជាអាវនិងទិញសម្លៀកបំពាក់ពីម៉ាកយីហោឯកទេស ដែលមានទំហំលើស ប៉ុន្តែតែងតែសារ៉េសារ៉ង់ដោយខ្លួននាង ខណៈឈុតខាងក្រោមត្រូវកាត់យ៉ាងពិសេសបំផុត។
ការធ្វើដំណើរតាមផ្លូវអាកាសហាក់មិនអាចទៅរួចនោះទេ ដោយសារនាងអាចអង្គុយបានត្រឹមតែជាង ២ ទៅ ៣ ម៉ោងក្នុងមួយលើក ប៉ុន្តែកាលពីឆ្នាំមុន ដោយមានជំនួយពីក្រុមហ៊ុនអាកាសចរណ៍តួកគី នាងរូមេសាអាចហោះហើរទៅកាន់សហរដ្ឋអាម៉េរិកបាន។
ក្រុមហ៊ុនអាកាសចរណ៍តួកគីបានអនុញ្ញាតឱ្យនាងកក់កៅអីចំនួនប្រាំមួយ ដែលនាងអាចដេកសន្ធឹងលើរទេះរុញពិសេសមួយ។
វាជាលើកទីមួយហើយដែលរទេះរុញត្រូវបានប្រើសម្រាប់អ្នកដំណើរពាណិជ្ជកម្មធម្មតា ព្រោះជាធម្មតាវាត្រូវបានបម្រុងទុកសម្រាប់តែអ្នកដំណើរសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ៕
នាងរូមេសាជាស្ត្រីខ្ពស់បំផុតលើពិភពលោក