ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ មនុស្សជាង ៦០០ នាក់បានស្លាប់បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័របានវាយប្រហារភាគខាងត្បូងប្រទេសតួកគីនិងភាគខាងជើងប្រទេសស៊ីរី។
ជាមួយនឹងអ្នករងរបួសជាង២.០០០នាក់ ចំនួនអ្នកស្លាប់ ៦៤១ នាក់ត្រូវគេរំពឹងថានឹងកើនឡើងខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកតាមគំនរបាក់បែកនៅតាមបណ្តាទីក្រុងនិងទីប្រជុំជននានាជុំវិញតំបន់នោះ។
យ៉ាងហោចណាស់មនុស្ស២៨៤នាក់ត្រូវបានសម្លាប់នៅក្នុងដប់ខេត្តរបស់តួកគី ខណៈជាង២.០០០នាក់រងរបួស។ចំនួនមនុស្សស្លាប់នៅស៊ីរី ក្នុងតំបន់រដ្ឋាភិបាលកាន់កាប់បានឡើងដល់២៣៩នាក់និងជាង៦០០នាក់រងរបួស។នៅតំបន់ដែលក្រុមឧទ្ទាមកាន់កាប់មនុស្ស១៤៧នាក់បានស្លាប់និងរាប់រយនាក់រងរបួស។
នៅសងខាងនៃព្រំដែន អ្នកស្រុកបានភ្ញាក់ពីដំណេកដោយសាររញ្ជួយដីទាំងព្រឹកព្រលឹមថ្ងៃចន្ទនេះហើយប្រញាប់ប្រញាល់ចេញទៅខាងក្រៅ ខណៈអគារជាច្រើនបានដួលរាបដល់ដីហើយរលករំញ័រដ៏ខ្លាំងនៅតែបន្ត។
បុគ្គលិកសង្គ្រោះនិងអ្នករស់នៅក្នុងទីក្រុងជាច្រើនបានស្វែងរកអ្នកនៅរស់រានមានជីវិត ដោយធ្វើការគាស់កាយចម្រឹងដែកនិងគំនរបេតុងយក្សជាច្រើន។
អគារនានាត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងអាដាណា (Adana)នៃប្រទេសតួកគី ខណៈនៅភាគខាងកើតក្នុងទីក្រុងឌីយ៉ាបាគៀ (Diyarbakir)រថយន្តស្ទូចនិងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់សែងមនុស្សចេញពីអគារបេតុងលើភ្នំមួយ ដែលពីមុនធ្លាប់ជាអាផាតមិន។
នៅខាងព្រំដែនស៊ីរីឯណោះវិញ រញ្ជួយដីបានវាយលុកតំបន់កាន់កាប់របស់ក្រុមប្រឆាំង កន្លែងដែលមានមនុស្សរស់នៅប្រហែល៤លាននាក់ដែលត្រូវបានផ្លាស់ទីលំនៅពីផ្នែកផ្សេងទៀតនៃប្រទេសស៊ីរីដោយសារសង្គ្រាមស៊ីវិលដ៏យូររបស់ប្រទេសនេះ។
វេជ្ជបណ្ឌិត មូហ៊ីប កាដឌួ (Muheeb Qaddour)បាននិយាយពីទីក្រុងអាតមេ (Atmeh)ថា “យើងបារម្ភថាការស្លាប់មានចំនួនរាប់រយនាក់”។
លោក រ៉ាអេត សាឡា (Raed Salah) ប្រធានអង្គការសង្គ្រោះបន្ទាន់ White Helmets នៅក្នុងតំបន់របស់ក្រុមប្រឆាំង បាននិយាយថាសង្កាត់ទាំងមូលៗត្រូវបានដួលរលំនៅក្នុងតំបន់មួយចំនួន៕
មនុស្សរាប់រយនាក់ជាប់ក្រោមគំនរបាក់បែកនៃអាគារនៅជាច្រើនខេត្តក្រុងរបស់តួកគីកាលពីថ្ងៃចន្ទ