ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ដេល្លីម៉េល)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទបានបញ្ជាក់ថា បាឡុងដែលកំពុងហោះពីលើអាម៉េរិកឡាទីនជារបស់ចិន និងសុំកុំអោយអាម៉េរិកបង្កើនភាពតានតឹងបន្ថែមដោយសារតែឧបទ្ទវហេតុបាឡុងគ្មានមនុស្សបើកជាមួយនឹងមុខងារសិក្សាស្រាវជ្រាវស៊ីវិលនេះបន្ទាប់ពីយន្តហោះអាម៉េរិកបាញ់ទម្លាក់បាឡុងមួយក្នុងដែនអាកាសរបស់ខ្លួនកាលពីចុងសប្តាហ៍និងកំពុងព្យាយាមស្រង់បំណែករបស់វាដោយសារតែសង្ស័យជាបាឡុងចារកម្ម។
សូមបញ្ជាក់ថា ចិនបានសម្តែងកំហឹងដាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះការសំរេចចិត្តបាញ់ទម្លាក់បាឡុងហោះមួយនៅលើសមុទ្រអាត្លង់ទិច ដោយថាវាជាយានគ្មានមនុស្សបើកជាមួយនឹងមុខងារសិក្សាស្រាវជ្រាវអាកាសធាតុ និងបានរសាត់ចូលដែនអាកាសអាម៉េរិកដោយសារខ្យល់។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក ស៊ី ហ្វឹង(Xie Feng)បាននិយាយថា «ចិនសូមប្រឆាំងនិងតវ៉ាជាខ្លាំងចំពោះហេតុការបាញ់បាឡុងនេះ។រដ្ឋាភិបាលចិនតាមដានដំណើរវិវត្តន៍សភាពការណ៍នេះដោយដិតដល់។ ចិននឹងការពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ការពារផលប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយរក្សាសិទ្ធិចាត់វិធានការចាំបាច់បន្ថែម»។
ចិនកាលពីថ្ងៃអាទិត្យ បានថ្កោលទោសការប្រើយន្តហោះ F-22 បាញ់ទម្លាក់បាឡុងរបស់ខ្លួន ទោះជាខ្លួនអះអាងបញ្ជាក់ប្រាប់អាម៉េរិកថាវាជារបស់ខ្លួន ជាបាឡុងស៊ីវិលដែលរសាត់ចូលអាម៉េរិកដោយសារខ្យល់ក៏ដោយ។ក្នុងពេលជាមួយគ្នា យោធាអាម៉េរិកបាននិយាយថាខ្លួនកំពុងស្វែងរកបំណែកបាឡុងចិនដែលត្រូវបានបាញ់ទម្លាក់ចូលក្នុងសមុទ្រកាលពីមួយថ្ងៃមុន។
ការបាញ់ទម្លាក់បាឡុងចិនកត់សំគាល់ការប្រើកាំជ្រួចពីអាកាសទៅអាកាសលើកដំបូងចេញពីយន្តហោះF-22
នៅថ្ងៃចន្ទនេះចិនបានចោទប្រកាន់អាម៉េរិកថាប្រើកម្លាំងបែបរើសអើង និងថាការបាញ់ទម្លាក់នេះនឹងប៉ះពាល់ទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីអាម៉េរិកបានបញ្ជាអោយបាញ់ទម្លាក់បាឡុងនិងបានណែនាំថាពេលវេលាធ្វើប្រតិបត្តិការល្អបំផុតនៅពេលវាហោះទៅលើទឹក។ពួកមន្ត្រីយោធាអាម៉េរិកបានសំរេចបាញ់ទម្លាក់នៅពេលបាឡុងនេះហោះនៅកំពស់១៨.០០០ម៉ែត្រលើទឹក ដែលវាមិនបង្កហានិភ័យដល់មនុស្សនៅលើដី៕