ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សម្រែកមនុស្សជាប់ក្រោយគំនរថ្មនៅតែឮពេញមួយយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនិងសាច់ញាតិបានយំដោយសារតែបាត់ខ្លួននិងបាត់បង់មនុស្សជាទីស្រឡាញ់របស់គេ នៅពេលចំនួនមនុស្សស្លាប់ពីរញ្ជួយដីពិឃាតកាលពីថ្ងៃចន្ទនៅតួកគីនិងស៊ីរីឡើងដល់ជាង៣.៨០០នាក់។
រញ្ជួយដីកំលាំង៧,៨រិច្ឆទ័របានវាយប្រហារប្រទេសទាំងពីរកាលពីដើមថ្ងៃចន្ទ ដោយរំលំប្លុកអាគារទាំងមូលៗនិងបណ្តាលអោយមនុស្សរាប់ម៉ឺននាក់រងរបួសនិងគ្មានទីជម្រក។
អាកាសធាតុត្រជាក់ដល់កកនិងភ្លៀងបានរារាំងការងារជួយសង្គ្រោះនៅពេញមួយយប់ថ្ងៃចន្ទនិងឈានចូលថ្ងៃអង្គារ។
នៅក្រោមគំនរថ្មនៃអាគារបាក់មួយនៅខេត្តហាតាយ(Hatay)ភាគខាងត្បូង គេឮសម្លេងស្រីម្នាក់ស្រែកអោយជួយ ខណៈនៅក្បែរនោះក្មេងតូចមួយដេកស្តូកមើលទៅដូចជាគ្មានជីវិត។
យំទាំងមេឃកំពុងភ្លៀង អ្នកស្រុកម្នាក់ដែលប្រាប់ឈ្មោះត្រឹមតែដេនីស(Deniz)បាននិយាយថា«ពួកគេស្រែកអោយជួយ តែមិនមាននរណាអាចចេញពីគំនរបាក់បែកនេះទេ។ពួកយើងរន្ធត់ចិត្តណាស់។ព្រះអើយ…ពួកគេស្រែកអោយជួយ តែពួកយើងមិនអាចជួយ។តើយើងអាចជួយពួកគេដោយវិធីណា?»។
នៅពេលយប់ សីតុណ្ហភាពបានធ្លាក់ចុះដល់ក្បែរកកដោយវារឹតតែបង្កទុក្ខលំបាកដល់មនុស្សជាប់ក្រោមគំនរថ្មនិងអ្នកបាត់បង់ផ្ទះសម្បែងរាប់ម៉ឺននាក់។
រញ្ជួយដីកំលាំងខ្លាំង៧,៨រិច្ឆទ័រ បានតាមពីក្រោយនូវរញ្ជួយតូចៗជាច្រើនទៀត។
នៅតួកគី ចំនួនមនុស្សស្លាប់បានឡើងដល់២.៣៧៩នាក់គិតត្រឹមព្រឹកថ្ងៃអង្គារ និងជាង១៣.០០០នាក់រងរបួស។
មនុស្សជាង១.៤៥០នាក់ទៀតក៏ត្រូវបានសម្លាប់និងប្រមាណ៣.៥០០នាក់រងរបួសនៅស៊ីរី នេះបើតាមតួលេខមកពីរដ្ឋាភិបាលទីក្រុងដាម៉ាស(Damascus)និងបុគ្គលិកផ្តល់ជំនួយនៅតំបន់ពាយព្យប្រទេសដែលគ្របគ្រងដោយក្រុមបះបោរ។
បញ្ហាអ៊ីនធឺណិតនិងផ្លូវខូចខាតរវាងបណ្តាទីក្រុងរងគ្រោះដោយរញ្ជួយដីខ្លាំងនៅភាគខាងត្បូងតួកគី កំពុងរារាំងការងារជួយសង្ក្រោះនិងការវាយតំលៃអំពីផលប៉ះពាល់និងចំនួនមនុស្សស្លាប់និងរងរបួស៕
ទិដ្ឋភាពអាគាររលំបាក់ដោយកម្លាំងរញ្ជួយដីនៅតួកគីកាលពីថ្ងៃ៦កុម្ភៈ
អ្នកជួយសង្គ្រោះបានរកឃើញអ្នកស្លាប់និងអ្នកនៅមានជីវិតពីរញ្ជួយដី