ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី៧កុម្ភៈនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រីកសមយុទ្ធយោធានិងពង្រឹងជំហរត្រៀមធ្វើសង្គ្រាមរបស់ប្រទេសនេះ ខណៈរដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រៀមរៀបចំប្រារព្ធខួបយោធា។
ទីភ្នាក់ងារសារព័ត៌មាន KCNAបាននិយាយថា លោកគីមបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការកណ្តាលយោធានៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃចន្ទកន្លែងដែលក្រុមមន្ត្រីបានពិភាក្សាអំពី “កិច្ចការយោធានិងនយោបាយសំខាន់ៗ” សម្រាប់ឆ្នាំនេះ និង “បញ្ហារយៈពេលវែងទាក់ទងនឹងការតម្រង់ទិសសម្រាប់ការកសាងកងទ័ព”។
KCNA បាននិយាយថា “ការសិក្សានិងពិភាក្សានៅទីនោះរួមមាន…បញ្ហានៃការពង្រីកនិងពង្រឹងប្រតិបត្តិការនិងសមយុទ្ធប្រយុទ្ធរបស់កូរ៉េខាងជើងឥតឈប់ឈរដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងធ្វើឱ្យការត្រៀមខ្លួនធ្វើសង្គ្រាមកាន់តែមានភាពឥតខ្ចោះឡើង”។
កិច្ចប្រជុំនេះធ្វើឡើងខណៈកូរ៉េខាងជើងត្រូវគេរំពឹងយ៉ាងទូលំទូលាយថានឹងរៀបចំព្យុហយាត្រាយោធាដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធ។រូបភាពពីផ្កាយរណបពាណិជ្ជកម្មបានបង្ហាញទាហានកូរ៉េខាងជើងកំពុងអនុវត្តការបង្កើតទម្រង់រូបរាងនានានៅក្នុងទីក្រុងព្យុងយ៉ាង ហើយកូរ៉េខាងត្បូងក៏និយាយដែរថា ខ្លួនកំពុងតាមដានសកម្មភាពពាក់ព័ន្ធ។
កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានថ្កោលទោសសមយុទ្ធដោយសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថាពួកគេបានឈានដល់ “បន្ទាត់ក្រហមខ្លាំង” និងគំរាមបង្វែរឧបទ្វីបកូរ៉េទៅជា “ឃ្លាំងអាវុធសង្គ្រាមដ៏ធំនិងជាតំបន់សង្គ្រាមដ៏ធ្ងន់ធ្ងរ”៕
លោកគីមធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការកណ្តាលយោធានៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ