ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទទី៦កុម្ភៈថា ការកែលម្អដែលបញ្ជាដោយប្រធានាធិបតី ចូ បៃដិនដើម្បីពង្រឹងការការពារប្រឆាំងនឹងចារកម្មរបស់ចិនបានជួយកំណត់អត្តសញ្ញាណបាឡុងចារកម្មកាលពីសប្តាហ៍មុន និងដឹងថា ការហោះហើរស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅចំណុចជាច្រើនក្នុងអំឡុងសម័យដឹកនាំរបស់រដ្ឋបាលត្រាំ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan)បាននិយាយថា បន្ទាប់ពីលោកបៃដិនចូលកាន់តំណែង សហរដ្ឋអាម៉េរិក “បានបង្កើនការឃ្លាំមើលដែនអាកាសរបស់យើង យើងបានបង្កើនសមត្ថភាពរបស់យើង ដើម្បីអាចរកឃើញវត្ថុដែលរដ្ឋបាលត្រាំមិនអាចរកឃើញ”។
ផ្ទុយទៅវិញ លោកបៃដិនត្រូវបានស្តីបន្ទោសដោយសមាជិកបក្សសាធារណរដ្ឋមួយចំនួនចំពោះការមិនបញ្ជាឱ្យបាញ់ទម្លាក់បាឡុង មុនពេលវាធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក។ក្រុមមន្ត្រីបាននិយាយថាមានការព្រួយបារម្ភអំពីការខូចខាតដល់មនុស្សនៅលើដី ហើយលោកបៃដិនបានដោះស្រាយបញ្ហានេះកាលពីថ្ងៃចន្ទ។
លោកបៃដិនបាននិយាយថា “នៅពេលដែលវាចូលមកដល់សហរដ្ឋអាម៉េរិកពីប្រទេសកាណាដា ខ្ញុំបានប្រាប់ក្រសួងការពារជាតិថា ខ្ញុំចង់បាញ់វាឱ្យលឿនតាមការគួរ”។ យោធាបានសន្និដ្ឋានថា”យើងមិនគួរបាញ់វាពីលើដីទេ ព្រោះវាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរអីទេ”។
ក្នុងការផ្តោះផ្តងយ៉ាងខ្លីជាមួយក្រុមអ្នកយកព័ត៌មាន លោកបៃដិនបានសម្តែងការមិនពេញចិត្តរបស់លោកជាបន្តជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ នៅពេលសួរថាហេតុអ្វីបានជាចិនបង្ហោះបាឡុងលើអាម៉េរិក លោកបានឆ្លើយយ៉ាងសាមញ្ញថា “ព្រោះពួកគេជាចិន”៕
លោកបៃដិនដើរចេញពីឧទ្ធម្ភាគចក្រ Marine One នៅសេតវិមានកាលពីថ្ងៃចន្ទ