ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ បើតាមរដ្ឋាភិបាលកូស្តារីកា(Costa Rica)ចិនបានសុំទោសខ្លួនចំពោះការហោះរបស់បាឡុងមួយកាត់ដែនអាកាសរបស់ខ្លួនបន្ទាប់ពីអាម៉េរិកបាញ់ទម្លាក់បាឡុងចិនមួយទៀតនៅក្នុងដែនអាកាសអាម៉េរិកកាលពីចុងសប្តាហ៍ដែលបង្កជាជម្លោះនយោបាយនិងការទូតមួយ។
យន្តហោះយោធាអាម៉េរិកមួយបានបាញ់ទម្លាក់បាឡុងចិននៅឯនាយឆ្នេរសមុទ្រអាត្លង់ទិចកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការបារម្ភខ្វល់ខ្វាយអស់ពេលជាច្រើនថ្ងៃក្នុងចំណោមមន្ត្រីអាម៉េរិកអំពីបេសកកម្មរបស់វា តែកាលពីថ្ងៃចន្ទប្រធានាធិបតីអាម៉េរិកបានអះអាងថា ទំនាក់ទំនងអាម៉េរិក-ចិនមិនត្រូវបានធ្វើអោយចុះខ្សោយដោយសារតែហេតុការណ៍នេះទេ។
បើតាមក្រសួងការបរទេសកូស្តារីកា រដ្ឋាភិបាលចិនបានទទួលស្គាល់ថាបាឡុងរបស់ខ្លួនមួយបានហោះកាត់កូស្តារីកា ហើយស្ថានទូតចិននៅក្រុងសង់ហ្សូស(San Jose)បាន«សុំទោសចំពោះឧបទ្ទវហេតុ»នេះនិងប្រាប់ថា យាននេះផ្តោតលើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ភាគច្រើនសិក្សាអំពីអាកាសធាតុ។
អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់កាលពីថ្ងៃចន្ទក៏បានប្រាប់សន្នសីទកាសែតមួយថា បាឡុងចិនដែលគេប្រទះឃើញនៅអាម៉េរិកឡាទីននោះប្រើសំរាប់គោលបំណងស៊ីវិលប៉ុណ្ណោះ។
ចំពេលមានហេតុការណ៍បាឡុងហោះនេះ ចិនបានបណ្តេញប្រធានការិយាល័យអាកាសធាតុជាតិរបស់ខ្លួន បន្ទាប់ពីអាម៉េរិកបង្ហាញថាបាឡុងដែលចិនអះអាងថាមានភារកិច្ចប្រមូលទិន្នន័យអាកាសធាតុនិងឧតុនិយមនោះ បានហោះពីលើប្រទេសរបស់ខ្លួននិងសង្ស័យថាធ្វើចារកម្ម។
ក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីចិន បានសំរេចដកលោក ស័ង ហ្គោថាយ(Zhuang Guotai)កាលពីថ្ងៃសុក្រសប្តាហ៍មុនតែមិនបានបញ្ជាក់ហេតុផលនៅពីក្រោយការដកនេះទេនិងគេក៏មិនដឹងថាតើការសំរេចចិត្តដកតំណែងនេះមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាឡុងនេះឬយ៉ាងណា៕
ប្រធានការិយាល័យអាកាសធាតុចិនលោក ស័ង ហ្គោថាយត្រូវបានដកចេញពីតំណែងចំពេលមានហេតុការណ៍បាឡុងហោះបង្កបញ្ហាការទូត