ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រីស្ទាន អាត់ស៊ូ (Christian Atsu) អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle បានបាត់ខ្លួន ហើយត្រូវគេជឿថាជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារតួកគីនិងស៊ីរីកាលពីថ្ងៃចន្ទ និងបណ្តាលឱ្យមនុស្សស្លាប់ជាង៤.០០០ នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឱ្យដឹងថា កីឡាករអន្តរជាតិហ្គាណា ដែលលេងឱ្យក្លិប Hatayspor របស់តួកគី ត្រូវគេគិតថាបានស្ថិតនៅក្នុងអគារមួយដែលត្រូវបានបំផ្លាញនេះបើតាមអ្នកនាំពាក្យរបស់ក្លិប Hatayspor លោក មូស្តាហ្វា អូហ្សាត (Mustafa Özat)។
លោកអូហ្សាតបាននិយាយថា នាយកក្លិប លោក ថាណឺ សាវុត (Taner Savut) ក៏ត្រូវគេជឿដែរថាបានស្ថិតនៅក្នុងអគារដែលបានដួលរលំ ហើយក្រុមមន្ត្រីក្លិបមិនអាចទាក់ទងបុរសទាំងពីរនាក់បានឡើយ។ លោកអូហ្សាតបាននិយាយថា ពួកគេទំនងជាជាប់នៅក្រោមគំនរបាក់បែក។
លោកអូហ្សាតបាននិយាយថា យ៉ាងហោចណាស់កីឡាករ Hatayspor ពីរនាក់ផ្សេងទៀតត្រូវបានទាញចេញពីគំនរបាក់បែក ប៉ុន្តែឥឡូវនេះមានសុវត្ថិភាពហើយ។ លោកបានបន្ថែមថា អាតស៊ូ និងលោកសាវុត គឺជាកីឡាករ ឬមន្ត្រីរបស់ក្លិប Hatayspor តែពីរនាក់ប៉ុណ្ណោះ ដែលមិនទាន់មានដំណឹង។
កីឡាករអាតស៊ូ វ័យ ៣១ ឆ្នាំបានចូលរួមជាមួយ Hatayspor ដែលមានមូលដ្ឋាននៅទីក្រុងអានតាកយ៉ា (Antakya) ភាគខាងត្បូងកាលពីឆ្នាំមុន បន្ទាប់ពីប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអូឌីត។
រញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័របានអង្រួនផ្នែកជាច្រើននៃប្រទេសតួកគីនិងប្រទេសជិតខាងស៊ីរីកាលពីព្រឹកព្រលឹមថ្ងៃចន្ទ៕
អាតស៊ូ (ស្តាំ) អតីតកីឡាកររបស់ Newcastle និង Chelsea នៅមិនទាន់មានដំណឹងនៅឡើយក្រោយរញ្ជួយដីធំនៅតួកគី