ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖យ៉ាងហោចណាស់មនុស្ស១.៤៤៤នាក់បានស្លាប់កាលពីថ្ងៃចន្ទក្នុងរញ្ជួយដីនៅស៊ីរីដែលមានស្នូលរញ្ជួយនៅតួកគី។ពួកអ្នកទោសយ៉ាងតិច២០នាក់នៅគុកមួយនៅភាគពាយព្យប្រទេសដែលដាក់សមាជិកក្រុមរដ្ឋអ៊ីស្លាមភាគច្រើនក៏បានរត់គេចចេញពីគុក។
ពន្ធនាគារយោធានៅទីប្រជុំជនរ៉ាចូ(Rajo)ក្បែរព្រំដែនតួកគីដាក់អ្នកទោសប្រមាណ២.០០០នាក់ ក្នុងនេះ១.៣០០នាក់ជសមាជិកក្រុមរដ្ឋអ៊ីស្លាម។គុកនេះក៏ដាក់ពួកយុទ្ធជនមកពីកងកម្លាំងដឹកនាំដោយពួកឃឺដផងដែរ។
មន្ត្រីពន្ធនាគារម្នាក់បាននិយាយថា «ក្រោយរញ្ជួយដី ទីប្រជុំជនរ៉ាចូរងគ្រោះជាខ្លាំង និងអ្នកទោសបានចាប់ផ្តើមបះបោរប្រឆាំងនិងដណ្តើមកាន់កាប់ផ្នែកខ្លះនៃគុក»។រញ្ជួយដីកំលាំង៧,៨រិច្ឆទ័រនិងរញ្ជួយតូចៗជាច្រើនទៀតតាមពីក្រោយ បង្កការខូចខាតដល់ពន្ធនាគារនេះដោយទ្វារនិងជញ្ជាំងគុកប្រេះបាក់។
រដ្ឋាភិបាលនិងបុគ្គលិកផ្តល់ជំនួយបាននិយាយថា រញ្ជួយដីកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងតុច១.៤៤៤នាក់នៅស៊ីរី។នៅតំបន់ពាយព្យប្រទេសដែលក្រុមឧទ្ទាមកាន់កាប់ មនុស្សយ៉ាងតិច៧៣៣នាក់បានស្លាប់និងជាង២.០០០នាក់រងរបួស៕