ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបានឱ្យដឹងកាលពីថ្ងៃចន្ទទី៦កុម្ភៈថាបាតុករថៃពីរនាក់ដែលត្រូវបានឃុំខ្លួនក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងតែងរបស់ព្រះរាជាណាចក្រនេះកំពុងខ្សោយទៅៗ បន្ទាប់ពីធ្វើកូដកម្មអត់អាហារជិតបីសប្តាហ៍។
នាង តាន់តាវ៉ាន់ តួទូឡាណុន (Tantawan Tuatulanon)និង នាង អូរ៉ាវ៉ាន់ ភូពង់ (Orawan Phupong) បានបដិសេធអាហារនិងទឹកភាគច្រើនក្នុងរយៈពេល ២០ ថ្ងៃចុងក្រោយនេះ ដើម្បីជំរុញឱ្យគណបក្សនយោបាយនានាគាំទ្រការលុបចោលច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ក៏ដូចជាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផ្សេងទៀត។
ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន និងក្រុមគ្រួសារជិតស្និទ្ធរបស់ទ្រង់ត្រូវបានការពារដោយច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោកដោយបទចោទប្រកាន់នីមួយៗអាចជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់ទាំងនោះត្រូវបានប្រើប្រាស់ខុសដើម្បីបង្ក្រាបការជជែកដេញដោលជាសាធារណៈ។
មន្ទីរពេទ្យសាកលវិទ្យាល័យធម្មសាតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើ Facebookកាលពីព្រឹកថ្ងៃចន្ទថា នាងតាន់តាវ៉ាន់ អាយុ ២១ ឆ្នាំ និង នាងអូរ៉ាវ៉ាន់ អាយុ ២៣ ឆ្នាំនៅដឹងខ្លួននៅឡើយ ប៉ុន្តែខ្សោយ។
លោក ផារូហាត តឧត្តម (Paruhat Tor-udom) នាយកមន្ទីរពេទ្យ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “សរីរាង្គសំខាន់ៗដូចជាតម្រងនោមចាប់ផ្តើមដំណើរការខ្សោយទៅៗ។ពួកនាងអាចទាក់ទងជាមួយវេជ្ជបណ្ឌិតនិងភ្ញៀវបាន ហើយខណៈស្ថានភាពរបស់ពួកនាងកាន់តែអាក្រក់ទៅៗ វាមិនទាន់មានវិបត្តិនៅឡើយទេ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃចន្ទ មន្ទីរពេទ្យបាននិយាយថា ស្ត្រីទាំងពីរនាក់បានយល់ព្រមទទួលយកសារធាតុរាវនិងសារធាតុរ៉ែមួយចំនួន។
ពួកនាងត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការតវ៉ាពីរដាច់ដោយឡែកពីគ្នានៅទីក្រុងបាងកកនៅដើមឆ្នាំ ២០២២មួយគឺនៅអគារអង្គការសហប្រជាជាតិនិងមួយទៀតគឺនៅផ្សារទំនើបមួយ នេះបើយោងតាមមេធាវីថៃសម្រាប់សិទ្ធិមនុស្ស (TLHR)។
អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែបោះបង់វាចោល ដើម្បីសម្តែងសាមគ្គីភាពជាមួយអ្នកជាប់ឃុំនយោបាយផ្សេងទៀត ដែលត្រូវបានបដិសេធសិទ្ធិនៅក្រៅឃុំ។
លោក ស៊ូណៃ ផាស៊ុគ (Sunai Phasuk) អ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជីវិតរបស់ស្ត្រីទាំងពីរ “កំពុងជួបគ្រោះថ្នាក់”។
លោកស៊ូណៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វាគួរឱ្យសោកស្តាយណាស់ដែលឃើញស្ត្រីវ័យក្មេងពីរនាក់ត្រូវប្រថុយជីវិតដើម្បីទាមទារឱ្យមានការបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសថៃក៏ដូចជាការគោរពស្តង់ដារនៃការកាត់ក្តីដោយយុត្តិធម៌ជាមូលដ្ឋានសម្រាប់អ្នកជាប់ឃុំនយោបាយក៏ដូចជាការសន្មតអំពីភាពគ្មានទោសកំហុស និងសិទ្ធិក្នុងការនៅក្រៅឃុំ”។
យោងតាម TLHR យ៉ាងហោចណាស់មនុស្ស ២២៤ នាក់ត្រូវបានចោទ ឬ ចោទប្រកាន់ជាផ្លូវការពីបទប្រមាថព្រះមហាក្សត្រចាប់តាំងពីឆ្នាំ ២០២០។
បច្ចុប្បន្ន ថៃកំពុងត្រៀមការបោះឆ្នោតទូទៅដែលគេរំពឹងទុកនៅខែឧសភា៕
នាង តាន់តាវ៉ាន់ តួទូឡាណុន (ឆ្វេង) និង នាង អូរ៉ាវ៉ាន់ ភូពង់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការតវ៉ាពីរដាច់ដោយឡែកពីគ្នានៅទីក្រុងបាងកកនៅដើមឆ្នាំ ២០២២។ពួកគេកំពុងធ្វើកូដកម្មអត់អារហាររយៈពេលបីសប្តាហ៍មកហើយ